ភ្នំពេញៈ នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង០៣និង៣០នាទីទៀបភ្លឺ មានករណីស្រ្តីម្នាក់ ជិះរថយន្តមកឈប់នៅលើស្ពាន ហើយបានលោតចូលទឹកទន្លេ បណ្តាលឲ្យបាត់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង ដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ច ស្ថិតនៅលើស្ពានជ្រោយចង្វា ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ករណីខាងលើនេះ គ្មានអ្នកណាដឹងថា ស្រ្តីនោះមានវិបត្តិអ្វីនោះទេ ដែលបានសម្រេចចិត្តមកលោតទឹកទន្លេសម្លាប់ខ្លួន នៅលើស្ពានជ្រោយចង្វា ដោយបន្សល់ទុកត្រឹមតែផ្កា១បាច់ និងស្បែកជើង១គូ នៅកន្លែងកើតហេតុតែប៉ុណ្ណោះ ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿង បើកមកឈប់នៅលើស្ពានជ្រោយចង្វា ហើយឃើញនារីរូបស្រស់សោភាម្នាក់ បានចុះពីលើរថយន្តនោះ ដោយដៃមានកាន់ផ្កាមួយបាច់យ៉ាងស្រស់ស្អាត និងស្ពាយកាបូបស្មាផង និងស្លៀកពាក់អាវខោប៊យពីក្រៅ ។ ពេលនារីនោះចុះហើយ រថយន្តក៏បើកទៅបាត់ ។ នៅតែនារីនោះ ឈរនៅលើស្ពានតែម្នាក់ឯងយ៉ាងស្ងៀមស្ងាត់ ហើយបានដោះស្បែកជើង និងផ្ដាមួយបាច់ដាក់ក្បែរគ្នា ស្រាប់តែនារីនោះបានដើរទៅលោតចូលក្នុងទន្លេ បណ្តាលឲ្យអ្នកបានឃើញហេតុការណ៍ភ្ញាក់ផ្អើលឡើង បានរាយការណ៍ទៅសមត្ថកិច្ច ដើម្បីជួយនារីរងគ្រោះ ដែលបានលិចបាត់ក្នុងទឹកទន្លេ ។
ករណីខាងលើនេះ មិនទាន់ដឹងពីមូលហេតុពិតប្រាកដនូវឡើយ និងអត្តសញ្ញាណនារីរងគ្រោះនោះដែរ ។ សមត្ថកិច្ចកំពុងតែស្រាវជ្រាវរកសាច់ញាតិបន្ត ដើម្បីបញ្ជាក់ពីអត្តសញ្ញាណស្រ្តីមកលោតទន្លេ ដែលបណ្តាលឲ្យបាត់ខ្លួននោះ ៕
មតិយោបល់