ព័ត៌មានជាតិ

មុខសញ្ញា កាប់ ឆក់ ប្លន់ និងទទួលផលចោរកម្ម ត្រូវសមត្ថកិច្ចខណ្ឌកំបូលតាមប្រមាញ់បាន ៦នាក់

ភ្នំពេញៈ ជនសង្ស័យជាមុខសញ្ញាវាយ កាប់ ឆក់ ប្លន់និងទទួលផលចោរកម្ម ចំនួន៦នាក់ត្រូវបានកម្លាំងជំនាញខណ្ឌកំបូល បើកប្រតិបត្តិការស្រាវជ្រាវ បង្ក្រាបចាប់ខ្លួនបាន ដកហូតវត្ថុតាងម៉ូតូ ៣គ្រឿង និងសម្ភារៈមួយចំនួនទៀត កសាងសំណុំរឿងរួចនៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០។

ជនសង្ស័យទាំង ៦នាក់ ត្រូវបានបញ្ជូននាំខ្លួនទៅកាន់តុលាកា ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ។

ជនសង្ស័យទាំង ៦នាក់៖
១/ឈ្មោះ សួគ៌ ពួង ហៅ សូរ ពួង ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរទទួលទិញផលចោរកម្ម មានទីលំនៅភូមិអង្គ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ។
២/ឈ្មោះ អ៊ុល សំអាត ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ មិនពិតប្រាកដ (ជាជនដៃដល់) ធ្លាប់ធ្វើសកម្មភាពឆក់ ២លើក មានទីលំនៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ។
៣/ឈ្មោះ ហម ដារ៉ា ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ (ជាជនដៃដល់) មានទីលំនៅភូមិតាក្តុល សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ៤/ឈ្មោះ ទូច រដ្ឋា ហៅ ចន្ថា ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ (ជាជនដៃដល់) មានទីលំនៅភូមិព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ។ ៥/ឈ្មោះ ឃិន ច័ន្ទដេវីត ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរ មិនពិតប្រាកដ (ជាជនដៃដល់) មានទីលំនៅភូមិព្រែកតាឡុង សង្កាត់ព្រៃឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។
៦/ឈ្មោះ ឃឿន ពេជ្រភារុន ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ (ជាជនដៃដល់) មានទីលំនៅភូមិព្រែកតាឡុង សង្កាត់ព្រៃឫស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។

លោក ឈឹម សាវុទ្ធ អធិការរងខណ្ឌកំបូល ទទួលបន្ទុកផ្នែកព្រហ្មទណ្ឌ បានឲ្យដឹងថា កម្លាំងជំនាញ កម្លាំងបណ្តាប៉ុស្តិ៍រដ្ឋបាល ក្រោមបញ្ជាពីលោកវរសេនីយ៍ឯក ហង្ស មុន្នី អធិការខណ្ឌ យកចិត្តទុកដាក់បង្ក្រាប ទប់ស្កាត់ រាល់បទល្មើស ដែលកើតមានឡើងក្នុងមូលដ្ឋាន ដើម្បីរក្សាសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ទើបនៅយប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២០ កន្លងមក កម្លាំងល្បាតរបស់អធិការខណ្ឌកំបូល ដឹកនាំដោយលោក ឈឹម សាវុទ្ធ ចុះល្បាតក្នុងមូលដ្ឋាន ប្រទះជួបឃើញជនសង្ស័យទី១ ឈ្មោះ សួគ៌ ពួង ជិះម៉ូតូមួយគ្រឿងម៉ាក ZOOMER ពណ៌ផ្ទៃមេឃ ពាក់ផ្លាកលេខ កណ្តាល 1S-2047 ជាផ្លាកលេខ មិនប្រក្រតី សង្ស័យឃាត់សាកសួរ ទើបបែកធ្លាយ ម៉ូតូទិញពីក្រុមចោរប្លន់ តម្លៃ ១៥០ដុល្លារ ទើបកម្លាំងជំនាញ បន្តនីតិវិធី ស្រាវជ្រាវ ម៉ូតូZOOMER ផ្លាកលេខពិតប្រាកដ ភ្នំពេញ 1DH-5464 ដែលជនសង្ស័យមួយក្រុមធ្វើសកម្មភាពប្លន់យកពីជនរងគ្រោះឈ្មោះ ហង្ស ចាន់រតនា ភេទស្រី អាយុ ៣៥ឆ្នាំ មានទីលំនៅភូមិក្រាំងស្វាយ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ។

នគរបាលបន្តទៀតថា ក្រោយពីឃាត់ខ្លួនជនសង្ស័យទទួលផលចោរកម្មបាន កម្លាំងជំនាញខណ្ឌកំបូល មានការអនុញ្ញាតពីលោក ម៉ុត តារា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បន្តទៅការស្រាវជ្រាវ ឈានដល់ចុះបង្ក្រាបចាប់ខ្លួនជនដៃដល់ សកម្មប្លន់ នៅថ្ងៃទី០៧ ,០៨ ,០៩ ជាបន្តបន្ទាប់ សរុបចំនួន ៥នាក់ បន្ថែមទៀត សមត្ថកិច្ចដកហូតបានម៉ូតូ ៣គ្រឿង មួយគ្រឿងម៉ាកZOOMER ជារបស់ជនរងគ្រោះ និងដកហូតបានសម្ភារៈ គ្រឿងបន្លាស់ម៉ូតូមួយចំនួនទៀត ។

ជនសង្ស័យក្រោយពីកម្លាំងនគរបាលស្រាវជ្រាវ បង្ក្រាបចាប់ខ្លួនជាបន្តបន្ទាប់សរុប ៦នាក់ នាំទៅសាកសួរ និងកសាងសំណុំរឿងនៅផ្នែកជំនាញរួចមក នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០នេះ ត្រូវបានបញ្ជូនខ្លួនទៅកាន់តុលាកា ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

មតិយោបល់