ព័ត៌មានជាតិ

រយៈពេលមួយថ្ងៃខុសគ្នាតែ ៣០នាទី មានក្មេងស្រីចំនួន ០២នាក់ បានបាត់បង់ជីវិត និង៣នាក់ជួយសង្រ្គោះទាន់ពេល

បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ខុសគ្នាតែរយៈពេល៣០នាទី ក្នុងថ្ងៃតែមួយ មានក្មេងស្រីចំនួន០២នាក់ បានបាត់បង់ជីវិត និង០៣នាក់ទៀត ត្រូវបានជួយសង្រ្គោះទាន់ពេល រួចផុតពីការស្លាប់ ដោយលង់ទឹក០២ករណីដោយឡែកពីគ្នា ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើល បានកើតឡើងនៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ នៅភូមិពង្រ និងភូមិថ្មីខាងត្បូង ឃុំប៉ោចារ និងឃុំណាំតៅ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក យ៉ត សុផល អធិការនគរបាល ស្រុកភ្នំស្រុក បានឲ្យដឹងថា ៖ ករណីទី០១ នៅវេលាម៉ោង០២រសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ នៅភូមិពង្រ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ មានក្មេងស្រីចំនួន០១នាក់ស្លាប់ និង០១នាក់ជួយសង្រ្គោះទាន់រួចផុតពីការស្លាប់ ខណៈពេលទាំង០២នាក់ លង់ទឹកស្រះត្រង់ចំណុចត្រពាំងសួងចម្ងាយ៥០០ម៉ែត្រ ខាងជើងភូមិពង្រ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ដែលមុនពេលកើតហេតុក្មេងស្រីរងគ្រោះទាំង០២នាក់ បានដើរទៅលេងជាមួយជីតា កំពុងខ្វៀលក្របីនៅទីនោះហើយបានចុះងូតទឹកស្រះលេងបណ្តាលឲ្យលង់ ។ក្មេងស្រីដែលស្លាប់ឈ្មោះ នុល ស្រីរ័ត្ន អាយុ០៨ឆ្នាំ នៅភូមិពង្រ ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ​ និងក្មេងស្រីដែលបានជួយសង្រ្គោះរួចផុតពីការស្លាប់នោះ ឈ្មោះ រិន កូរ៉េ ភេទស្រី អាយុ០៦ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ។

លោកអធិការបានបន្តថា ៖ ចំណែកករណីទី០២ នៅវេលាម៉ោង០២និង៣០នាទីរសៀលថ្ងៃដដែល មានក្មេងស្រីចំណួន០៣នាក់ នៅភូមិថ្មីខាងត្បូង ឃុំណាំតៅ ស្រុកភ្នំស្រុក បាននាំគ្នាទៅងូតទឹកប្រឡាយចិន នៅចម្ងាយប្រមាណជាង៣០០ម៉ែត្រ ខាងកើតភូមិ បណ្តាលឲ្យ០១នាក់បានបាត់បង់ជីវិត និង០២នាក់ ជួយសង្រ្គោះទាន់ពេល រួចផុតពីការស្លាប់ ក្មេងស្រីដែលបាត់បង់ជីវិតឈ្មោះ​ អោត សៀវម៉ៃ អាយុ០៨ឆ្នាំ នៅភូមិថ្មីខាងត្បូង ឃុំណាំតៅ ស្រុកភ្នំស្រុក និង០២នាក់ទៀត ដែលសង្រ្គោះទាន់ពេល ជាបងប្អូននិងគ្នា នៅភូមិថ្មីខាងជើង ឃុំណាំតៅ ស្រុកភ្នំស្រុក ០១/- ឈ្មោះ កើស រាត្រី អាយុ១៣ឆ្នាំ ,០២/-កើស ចន្ត្រា អាយុ១០ឆ្នាំ ។

លោក អធិការ វរសេនីយ៍ឯក យ៉ត សុផល បានបញ្ជាក់ថា ៖ ក្រោយពីទទួលបានព័ត៌មាន លោកបានចាត់កម្លាំងជំនាញនិងប៉ុស្តិ៍រដ្ឋបាល ចុះទៅដល់ន្លែងកើតហេតុ ពិនិត្យកោសល្យវិច្ច័យ ក្មេងស្រីទាំង០២នាក់ ដែលស្លាប់នោះ គឺពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន សពក្រោយពីពិនិត្យរួចបានប្រគល់ជូនក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់