ព័ត៌មានជាតិ

ម្សៅទឹកដោះគោនូទ្រីលែត (Nutrilatt) សម្រាប់ចិញ្ចឹមទារក និងកុមារ ត្រូវមន្រ្តីជំនាញរកឃើញ​ មិនមានភាពប្រក្រតី និងធ្វើការដកហូត

ពោធិ៍សាត់ៈ យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ បានឲ្យដឹងថា នៅថ្ងៃសុក្រ ៩រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ នេះ មន្ត្រីសាខា ក.ប.ប. ខេត្តពោធិ៍សាត់ ដោយទទួលបានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះត្រួតពិនិត្យគុណភាពផលិតផល និងត្រួតពិនិត្យផលិតផលម្សៅទឹកដោះគោ តាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម លេខ ២៧៣៣ ពណ. អ.កបប ចុះថ្ងៃ០៣ ខែកញ្ញា ២០២០ ស្តីពីការដាក់ចេញនូវវិធានការ ចំពោះផលិតផលម្សៅទឹកដោះគោ សម្រាប់ចិញ្ចឹមទារក និងកុមារ ម៉ាកនូទ្រីលែត (Nutrilatt) ដែលមានលេខកូជ ៤៨៧, ៤៨៨, ៥៣៦, ៥៣៧, ៥៣៨, ៥៣៩ នៅផ្សារថ្មីក្រុងពោធិ៍សាត់ និងតាមបណ្តាផ្សារ ម៉ាត ផ្ទះលក់ទំនិញក្នុងក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារ។ ជាពិសេស មន្ត្រីសាខា ក.ប.ប. បានផ្សព្វផ្សាយអនុក្រឹត្យលេខ ១៣៣ ស្តីអំពីផលិតផលចិញ្ចឹមទារក និងកុមារ លើសម្បកវេចខ្ចប់ម្សៅទឹកដោះគោផងដែរ។

ជាលទ្ធផលមន្រ្តីជំនាញរកឃើញម្សៅទឹកដោះគោនូទ្រីលែត (Nutrilatt) កូជលេខ ៥៣៧ សរុបចំនួន ២កំប៉ុង ត្រូវបានមន្រ្តីជំនាញធ្វើការដកហូតបញ្ជូនមកអគ្គនាយកដ្ឋាន។ ដោយឡែក ម្សៅទឹកដោះគោនូទ្រីលែត (Nutrilatt) ដែលមិនស្ថិតក្នុងលេខកូជខាងលើ ចំនួនសរុប ៩កំប៉ុង មន្រ្តីជំនាញបានធ្វើកំណត់ហេតុបញ្ឈប់ការដាក់តាំងលក់បណ្តោះអាសន្ន។ ជាមួយគ្នានោះ មន្រ្តីសាខា ក.ប.ប. បានរកឃើញបន្ថែមនូវម្ស៉ៅទឹកគោម៉ាក់ផ្សេង រួមជាទំនិញដែលហួសកាលបរិចេ្ឆទប្រើប្រាស់ សរុបចំនួន ១៦.៥ គីឡូក្រាម។

បន្ទាប់មកមន្ត្រីសាខា ក.ប.ប. ខេត្តពោធិ៍សាត់បានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅរក្សាទុកតាមនីតិវិធី។ ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

មតិយោបល់