ព្រះសីហនុៈ កប៉ាល់ទេសចរណ៍ធុនយក្សមួយគ្រឿង បានភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ជិត ២ពាន់នាក់ ចូលចតកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី៨សីហា ឆ្នាំ២០១៦នេះ ដើម្បីធ្វើទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា រយៈពេលមួយថ្ងៃ។
លោកប្រធានប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិ ក្រុងព្រះសីហនុ បានឲ្យដឹងថា កប៉ាល់ទេសចរបរទេសធុនយក្សមួយគ្រឿងមានឈ្មោះ Pacific Eden មានសញ្ជាតិ British បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ ១៣៦១ នាក់ ស្រី៧៤៥នាក់ មាន២៥សញ្ជាតិ និងមាននាវិកសរុបចំនួន៦១៦នាក់ ស្រី១៤៤នាក់ មាន៣៩សញ្ជាតិ។
លោកវរសេនីយឯក ស៊ាង ឡេង បានបន្ដថា កប៉ាល់ Pacific Eden មានបណ្ដោយ ២១៩ ម៉ែត្រ ទទឹង៣១ម៉ែត្រ ជម្រៅទឹក ៦,៦ ម៉ែត្រ បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍មកពីប្រទេស Singapor ចូលចត នៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ នៅវេលាម៉ោង ៩ ព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦ នាវានេះ មានគម្រោងនាំភ្ញៀវទេសចរបរទេសចាកចេញពីកំពង់ផែអន្តរជាតិក្រុងព្រះសីហនុនៅវេលាម៉ោង ១៨ និង០០ នាទី នៅរសៀលថ្ងៃដដែលឆ្ពោះទៅកាន់ប្រទេសថៃ។
លោកប្រធានប៉ុស្តិ៍នគរបាលច្រកទ្វារកំពង់ផែអន្តរជាតិ បានបន្តទៀតថា ភ្ញៀវទេសចរណ៍ ដែលបានធ្វើដំណើរតាមកប៉ាល់ pacific Eden ចំនួន១៣៦១នាក់ ដែលមានសញ្ជាតិផ្សេងគ្នា ហើយក្នុងចំណោមភ្ញៀវ ដែលមានសញ្ជាតិច្រើនជាងគេមានដូចជា អូស្ត្រាលី ១ ១០៩ នាក់ New Zealand ១២០ នាក់ British ៧១នាក់ ក្រៅពីនោះមានសញ្ជាតិផ្សងៗទៀត។ ភ្ញៀវទេសចរណ៍ ភាគច្រើនជាមនុស្សដែលមានវ័យចំណាស់។
លោកប្រធានប៉ុស្តិ៍ បានបញ្ជាក់ទៀតថា ដោយសារតែរដូវភ្លៀងធ្វើឲ្យកប៉ាល់ទេសចរណ៍ជាច្រើនគ្រឿងបានខកខានចូលចតនៅកំពង់ផែខេត្តព្រះសីហនុ។ប៉ុន្តែនៅចុងឆ្នាំ២០១៦ មានកប៉ាល់ទេសចរជាច្រើនគ្រឿងបានចូលចត នៅខេត្តព្រះសីហនុ មានការកើនឡើងបន្តបន្ទាប់ផងដែរ។ កំណើនភ្ញៀវទេសចរទាំងនេះ ដោយសារបច្ចុប្បន្នប្រទេសកម្ពុជាមានសន្តិសុខ សុវត្ថិភាព និងមានការអភិវឌ្ឍរីកចំរើននូវហេដ្ឋារចនាសម្ព័ន្ធនានា ក្នុងដំណើរកម្សាន្តរបស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្តនៅខេត្តព្រះសីហនុ ជាតំបន់ឆ្នេរសមុទ្រទាក់ទាញភ្ញៀវទេសចរ មិនចាញ់ខេត្តសៀមរាប អង្គរនោះទេ ជាពិសេសតំបន់កោះ មានដូចជា កោះរ៉ុង នាពេលបច្ចុប្បន្នមានការអភិវឌ្ឍរីកចម្រើនផ្នែកវិស័យទេសចរណ៍៕
មតិយោបល់