កូរ៉េៈ ក្រុមនៃសមាជិកសភាគណបក្សប្រឆាំងកូរ៉េខាងត្បូង បានផ្គើននឹងប្រធានាធិបតីលោកស្រី Park Geun-Hye ជុំវិញការមិនយល់ស្របដំណើរទស្សនកិច្ចចេញទៅប្រទេសចិន របស់ពួកគេនៅថ្ងៃចន្ទនេះ ដើម្បីពិភាក្សាពីការដាក់ពង្រាយប្រឆាំងមីស៊ីលរបស់អាមេរិក ដែលបង្កឲ្យមានការបែកបាក់គ្នា រវាងក្រុងសេអ៊ូល និងក្រុងប៉េកាំង។ នេះបើយោងតាមរយៈ សារព័ត៌មានចិនសិង្ហបុរី ចេញផ្សាយនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៦។
លោកស្រី Park បានជំរុញឲ្យសមាជិកសភាលុបចោលការធ្វើដំណើររបស់ពួកគេ ដោយហេតុផលថា វានឹងបង្កើនការប្រឆាំងរបស់ចិន ចំពោះប្រព័ន្ធការពារតំបន់កម្ពស់ខ្ពស់ស្ថានីយ (THAAD) ព្រមទាំងធ្វើឲ្យមាន ការបែកបាក់កាន់តែខ្លាំង នៅកូរ៉េខាងត្បូងលើបញ្ហានេះ។
ការសម្រេចចិត្តរបស់ក្រុងសេអ៊ូល ធ្វើជាម្ចាស់ផ្ទះ THAAD គឺដើម្បីប្រឆាំងនឹងការគំរាមកំហែង ដែលធ្វើឲ្យ មានការកើនឡើងនូវកម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង ដោយរដ្ឋាលចិនបានថ្កោលទោសថា វាជាការគំរាមកំហែង ដល់ប្រយោជន៍សន្តិសុខរបស់ខ្លួន និងស្ថេរភាពក្នុងតំបន់។
លោក Kim Young-Ho ជាសមាជិកសភាចម្បងម្នាក់ ក្នុងចំណោមគណៈបក្សប្រឆាំង Minjoo ៦រូប ដែលនឹងធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំងនោះ បានឲ្យដឹងថា ជំនឿចិត្តរបស់គាត់ គឺនឹងអាចកែប្រែស្ថាន ការណ៍នេះទៅស្ញប់ស្ងាត់។
«ក្ដីសង្ឃឹមរបស់យើង គឺយ៉ាងហោចណាស់ អាចពង្រឹងទំនាក់ទំនងរវាងទីក្រុងសេអ៊ូល និងទីក្រុងប៉េកាំង បានវិញ» នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Yonha ដកស្រង់សម្តីលោក Kim បាននិយាយមុនពេល ចាកចេញពីទីក្រុងសេអ៊ូល ខណៈដែលមានការជំទាស់ពីលោកលោកស្រី Park ៕
មតិយោបល់