ព័ត៌មានជាតិ

Update៖ ស្គាល់អត្តសញ្ញាណ សពនារីម្នាក់អណ្តែកក្នុងទឹកទន្លេ ត្រូវសមត្ថកិច្ចស្រង់យកទៅតម្កល់ទុក នៅវត្តតាំងកសាង

ភ្នំពេញៈ គួររំលឹកថាមានហេតុការណ៍បានកើតឡើងនាម៉ោងជាង៣ទៀបភ្លឺ ឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅលើស្ពានជ្រោយចង្វា ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។នារីស្រស់សោភាម្នាក់ មិនដឹងមានវិបត្តិអ្វីនោះទេ បានសម្រេចចិត្តលោតទឹកសម្លាប់ខ្លួន នៅលើស្ពានជ្រោយចង្វា ដោយបន្សល់ទុកត្រឹមតែ ផ្កា១បាច់ និងស្បែកជើង១គូ ជាការចងចាំដល់គ្រួសារតែប៉ុណ្ណោះ។

តាមប្រព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញនារីរូបស្រស់សោភាម្នាក់ បានចុះពីលើរថយន្តមួយគ្រឿង ដោយកាន់បាច់ផ្ការួមទាំងស្ពាយកាបូប និងពាក់អាវខោប៊យពីក្រៅផងនោះ ហើយរថយន្តនោះក៏បើកទៅបាត់ បន្សល់ទុកតែនារីរូបស្រស់សោភា នៅលើស្ពានតែម្នាក់ឯង បន្ទាប់មកនារីរូបស្រស់សោភាក៏បានដោះស្បែកជើង និងផ្ដាមួយបាច់ដាក់ជាប់ស្បែកជើង ហើយបានលោតចូលទៅក្នុងទន្លេបាត់ស្រមោលតែម្ដង ភ្លាមៗនោះក៏បានរាយការណ៍ទៅសមត្ថកិច្ច ដើម្បីជួយជនរងគ្រោះតែអកុសលនារីរងគ្រោះ ត្រូវបានលិចចូលទៅក្នុងទន្លេបាត់ទៅហើយ។

សមត្ថកិច្ចរង់ចាំក្រុមគ្រួសារ និងសាច់ញាតិ ដើម្បីកំណត់អត្តសញ្ញាណរបស់នារីរងគ្រោះខាងលើ។ រហូតមកដល់ម៉ោង១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទី១២​ ខែកញ្ញា ឆ្នាំ ២០២០ ត្រូវបានគេប្រទះឃើញសពនារីខាងលើអណ្តែតទឹកទន្លេនៅម្តុំខាងមុខព្រះរាជវាំង ក្នុងសង្កាត់ជ័យជះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

សពស្ត្រីរងគ្រោះត្រូវបានគេស្គាល់ថាឈ្មោះ ចាន់ ស្រីមាន អាយុ២២ឆ្នាំ ស្នាក់នៅខុនដូរមួយកន្លែង ក្នុងខណ្ឌសែនសុខ និងមានស្រុកកំណើតនៅខេត្តតាកែវ។

សពត្រូវបានដឹកយកទៅវត្តតាំងកសាង ក្នុងខណ្ឌពោធិ៍សែនជ័យ ដើម្បីពិនិត្យឱ្យដឹងមូលហេតុពិត និងប្រគល់ឱ្យសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់