ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់យ៉ាងអាណោចអាធ័មនៅនិងកន្លែងកើតហេតុនិង២នាក់ទៀត រងរបួសធ្ងន់ ដោយសាររថយន្ត RANGE ROVER មួយគ្រឿងបុកចំពេញទំហឹងហើយកិនម៉ូតូ ពីលើអូសជាង១០ម៉ែត្រ ដែលហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១២និង១៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ខែ ឧសភាឆ្នាំ២០១៤ នៅចំណុចមុខអាគាអ៊ែត ហ្វ៊ូត តាមផ្លូវសហព័ន្ធរុស្ស៊ី ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាក RANGE ROVER មិនចាំស្លាកលេខ ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីលិចទៅកើត ខណៈមកដល់ចំណុចកើតហេតុក៏មានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅស៊េរីឆ្នាំ២០១៣ ពាក់ស្លាកលេខ កំពង់ចាម 1E-4749 ជិះគ្នា៣នាក់ជិះធ្វើដំណើរចេញពីអាគារ អ៊ែត ហ្វ៊ូតក្នុងបំណងឆ្លងផ្លូវសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីត្បូងទៅជើង ហើយក៏ត្រូវបានរថយន្ត RANGE ROVER បុកចំពេញទំហឹងនិងកិនពីលើម៉ូតូអូសចម្ងាយជាង១០ម៉ែត្របណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់ហើយដាច់ខ្យល់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុនិង២នាក់ ទៀតរបួសធ្ងន់ ត្រូវបានរថយន្តសាមុយរបស់មន្ទីរឯកជនដឹកបញ្ជូនទៅសង្គ្រោះភ្លាមៗ ចំណែក រថយន្តបង្កបន្ទាប់ពីបង្កហេតុរួចបានបើកគេចខ្លួនបាត់ស្រមោល។
បន្ទាប់ពីកើតហេតុកម្លាំងកងរាជអាវុធហត្ថខណ្ឌសែនសុខបានចុះទៅអន្តរាគមន៍ភា្លមៗដល់កន្លែងកើតហេតុ និងបានទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋានអោយចុះមកត្រួតពិនិត្យ នៅកន្លែង កើតហេតុ។
ក្រោយពេលកើតហេតុ ជនរងគ្រោះទាំង៣នាក់សមត្ថកិច្ចនៅមិនទាន់ស្គាល់អត្តសញ្ញាណ នៅឡើយទេ ចំណែកសពជនរងគ្រោះត្រូវបានយកទៅដំកល់នៅវត្តទឹកថ្លាហើយសមត្ថកិច្ចកំពុង ស្រាវជ្រាវស្វែងរកក្រុមគ្រួសារដើម្បីមកទទួលយកសពយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់