ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ត្រូវនគរបាលឃាត់ខ្លួន ពាក់ព័ន្ធករណីឆក់ដ៏សកម្ម នៅក្រុងសៀមរាប

សៀមរាបៈ ជនសង្ស័យម្នាក់ត្រូវបាននគរបាល ក្រុងសៀមរាប ចាប់ឃាត់ខ្លួនកាលពីថ្ងៃទី១១ ខែកញ្ញា ម្សិលមិញនេះ ពាក់ព័ន្ធករណីឆក់ដ៏សកម្មនៅក្រុងសៀមរាប

ដំណើររឿង៖ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ១៣និង៥៣នាទី ចំណុចតាមផ្លូវមុខ បន្ទប់ជួលមួយកន្លែង ស្ថិតភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខណៈដែលជនរងគ្រោះឈ្មោះ នឹម សារ៉ែន ភេទស្រី អាយុ ៣៣ឆ្នាំ កំពុងឈរចាក់សោទ្វារចូលផ្ទះ ពេលនោះស្រាប់តែមានជនសង្ស័យម្នាក់ ភេទប្រុស អាយុចន្លោះពី២០ឆ្នាំទៅ៣០ឆ្នាំ ជិះម៉ូតូមួយគ្រឿង បានធ្វើសកម្មភាពឆក់កាបូបជនរងគ្រោះ ដែលស្ពាយជាប់និងស្មា ពេលនោះជនរងគ្រោះបានប្រតាយប្រតប់ទាញបានកាបូបប្រាក់ និងទូរស័ព្ទដៃបានមកវិញ។ ចំណែកជនសង្ស័យ យកបានកាបូបស្ពាយ ដោយនៅក្នុងកាបូបមានអាយផត ពណ៌ផ្កាឈូក ជាឧបករណ៍ស្ដាប់ចម្រៀង០១គ្រឿង និងគ្រឿងសំអាងមានតំលៃមួយចំនួនទៀតគេចខ្លួនបាត់។

ក្រោយពីកើតហេតុ និងបន្ទាប់ពីទទួលបានពាក្យបណ្ដឹង ពីជនរងគ្រោះកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់សាលាកំរើក សហការជាមួយ នគរបាលផ្នែកព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ ទោ នួន ស័ក្តិចំរើនរិទ្ធ អធិការរងទទួលការងារព្រហ្មទណ្ឌ បានចុះដល់កន្លែងកើតហេតុ បើកការស្រាវជ្រាវនិងកំណត់បានមុខសញ្ញា និងភិនភាគម៉ូតូដែលជនសង្ស័យជិះធ្វើសកម្មភាព គឺម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប 1Y-6834 ប៉ុន្តែជនសង្ស័យគេចខ្លួនបាត់ ។

លុះដល់ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១៥និង៣០នាទី ស្ថិតនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខណៈដែលជនរងគ្រោះឈ្មោះ នី បូរីន ភេទស្រី អាយុ ២៤ឆ្នាំ មុខរបរ បុគ្គលិកក្រុម ហ៊ុនធានារ៉ាប់រង មានទីលំនៅបច្ចុប្បន្ន ភូមិធ្លកអណ្ដូង សង្កាត់ស្លក្រាម កំពុងជិះម៉ូតូនិយាយទូរស័ព្ទ តាមផ្លូវត្រូវបានជនសង្ស័យម្នាក់ភេទប្រុស ជិះម៉ូតូមួយគ្រឿង ធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃរបស់ជនរងគ្រោះដែលកំពុងនិយាយ ពេលនោះជនរងគ្រោះបានឃើញនិងចំណាំស្លាកលេខ ម៉ូតូរបស់ជនសង្ស័យ ដែលមានផ្លាកលេខ1Y-6834 .

បន្ទាប់មកសមត្ថកិច្ចបានទទួលបណ្តឹង កំណត់អត្តសញ្ញាណជនសង្ស័យ ដែលជាមុខសញ្ញាចាស់កំពុងស្វែងរកនិងដោយមានការដឹកនាំបញ្ជាពីលោក ភឹង ចិន្តារ៉េត ស្នងការរង ទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងលោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្លក្រាម និងសង្កាត់សាលាកំរើក សហការជាមួយ នគរបាលផ្នែកព្រហ្មទណ្ឌ ដឹកនាំនីតិវិធី និងកិច្ចប្រតិបត្តិការណ៍ដោយលោកនួន សក្តិ័ចំរើនរិទ្ធ អធិការរងក្រុងសៀមរាប បានសហការណ៍គ្នា ធ្វើការឃ្លាំមើលផ្ទះជនសង្ស័យដែលសមត្តកិច្ចស្គាល់ស្រាប់ ក៏ឃើញរូបគេគេចចូលសំងំក្នុងផ្ទះនិងធ្វើការហ៊ុព័ទ្ធផ្ទះរបស់ជនសង្ស័យ និងឃាត់ខ្លួនយកមកធ្វើការសាកសួរ ព្រមទាំងដកហូតបានវត្ថុតាងទូរស័ព្ទដៃរបស់ជនរងគ្រោះ មួយគ្រឿងម៉ាក iphone x ពណ៌ស ម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ2017 ពណ៌ខ្មៅ មានផ្លាកលេខសៀមរាប 1Y-6834 លេខតួ និងលេខម៉ាស៊ីន 9847536ដែលជារបស់ជនសង្ស័យជិះធ្វើសកម្មភាពផងដែរ។

ក្រោយពេលធ្វើការស្តាប់ចម្លើយជនសង្ស័យឈ្មោះ មឿ សាម៉ាច អាយុ ២៦ឆ្នាំ បានឆ្លើយសារភាពថា រូបគេពិតជាបានប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន និងបានធ្វើសកម្មភាព ឆក់កាបូបនិងទូរស័ព្ទដៃរបស់ជនរងគ្រោះទាំងពីរ ករណីខាងលើពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាបកសាងសំណុំរឿង បញ្ជូនទៅតុលាការដើម្បី ផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕

មតិយោបល់