ភ្នំពេញៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា សមត្ថកិច្ចនាយកដ្ឋានប្រឆាំងផលិតផលក្លែងក្លាយ នៃក្រសួងមហាផ្ទៃ សហការជាមួយសមត្ថកិច្ចខណ្ឌដង្កោ កាលពីវេលាម៉ោងជាង១០ព្រឹក ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ នេះ បានចុះបង្ក្រាបទីតាំងផលិតឡេក្លែងក្លាយមួយកន្លែង ស្ថិតនៅមុខវិទ្យាល័យទួលអំពិល ផ្លូវលេខ២១៧ ឬ ផ្លូវចំការដូង ភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រតិបត្តិការនេះ មានការចូលរួមពីសំណាក់លោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរងទទួលផែនប្រឆាំងផលិតផលក្លែងក្លាយ និងមានការសម្របសម្រួលពីព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ផងដែរ ។
លោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរងទទួលផែនប្រឆាំងផលិតផលក្លែងក្លាយ ថ្លែងថា ទីតាំងផលិតឡេក្លែងក្លាយនេះ គឺសមត្ថកិច្ចបានស្រាវជ្រាវស៊ើបអង្កេតជាច្រើនថ្ងៃមកហើយ ដោយក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចឃាត់ខ្លួនបុរស៤នាក់ ដើម្បីសាកសួរ ខណៈម្ចាស់ទីតាំងមានឈ្មោះ វឹង ជីហេង បានរត់គេចខ្លួនមុនពេលសមត្ថកិច្ចចុះបង្ក្រាប ។
បច្ចុប្បន្ននេះ សមត្ថកិច្ចសម្រេចបិទទីតាំងនេះជាបណ្តោះអាសន្ន ដើម្បីរង់ចាំបន្តនីតិវិធី នាពេលក្រោយទៀត ៕
មតិយោបល់