ព័ត៌មានជាតិ

ជនសង្ស័យ២ក្រុម ចូលផឹកស៊ីក្នុងហាងយីហោ The street ស្រាប់តែទាស់ពាក្យសម្ដី ប្រើអំពើហិង្សាដាក់គ្នា បណ្តាលឲ្យម្នាក់ ផុងលលាដ៍ក្បាល

សៀមរាប: កាលពីវេលាម៉ោង២០និង៤២នាទីថ្ងៃទី១៥ ខែកញ្ញាឆ្នាំ២០២០ នៅចំណុចក្នុងហាងផឹកស៊ីដែលមានយីហោ The street ស្ថិតនៅភូមិវត្តដំណាក់ សង្កាត់សាលាកម្រើក ក្រុង-ខេត្តសៀមរាប ក្រុមជនសង្ស័យចំនួន០២ក្រុម បាននាំគ្នាចូលផឹកស៊ីនៅក្នុងហាងខាងលើ ហើយបានមានទំនាស់ពាក្យសម្ដីគ្នានៅពេលផឹកស៊ី ហើយក៏បានធ្វើសកម្មភាព ប្រើអំពើហិង្សាវាយតប់គ្នាទៅវិញទៅមក ដោយយកកៅអីដែក ដែលជាកៅអីសម្រាប់អង្គុយផឹកស៊ីគប់ទៅលើគ្នាទៅវិញទៅមក បណ្ដាលឲ្យ មនុស្សម្នាក់ក្នុងចំណោមពួកគេរងរបួសធ្ងន់។

បន្ទាប់ពីកើតហេតុ និងទទួលសេចក្តីរាយការណ៍ លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែន ការងារព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងលោកវរសេនីយ៍ឯក ណុប សារ៉ាក់ អធិការនៃអធិការដ្ឋាន នគរបាលក្រុង សៀមរាប បានបញ្ជាឲ្យកម្លាំងត្រៀមអន្តរាគមន៍ ក្រុងសៀមរាប ដឹកនាំដោយ លោកនួន សក្តិ ចម្រើនរិទ្ធ អធិការរងទទួលការងារព្រហ្មទណ្ឌ សហការជាមួយ កម្លាំងនគរបាលប៉ុស្តិ៍ រដ្ឋបាល សាលាកម្រើក ដោយមានការចូលរួមពីបងប្អូនប្រជាការពារ បានចុះទៅដល់ទីកន្លែងកើតហេតុភ្លាមៗ និងបានធ្វើការនាំខ្លួនបក្ខពួកជនសង្ស័យទាំង២ក្រុមចំនួន០៨នាក់ខាងលើ មកធ្វើការសាកសួរ និងបញ្ជូនអ្នករងរបួសម្នាក់ឈ្មោះ ប៉ូ សុងហេង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរចិញ្ចឹមសត្វកង្កែប មានទីលំនៅបច្ចុប្បន្នភូមិជន្លង់ សង្កាត់សាលាកម្រើក រងរបួសធ្ងន់ធ្ងរនៅត្រង់ចិញ្ចើមខាងស្ដាំនិងផុងលលាដ៍ក្បាល ទៅមន្ទីរពេទ្យដើម្បីធ្វើការសង្គ្រោះ។

ជនសង្ស័យទាំង០៨នាក់ដែលត្រូវបាននាំមកធ្វើការសាកសួររួមមាន៖ទី១-ឈ្មោះ ប៉ូ សុងស៊ាង ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅបច្ចុប្បន្នភូមិខ្នារ សង្កាត់ជ្រាវក្រុង-ខេត្តសៀមរាប ។ ទី២-ឈ្មោះ សារុន ម៉ារ៉ាថេន ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរសិស្សមានទីលំនៅបច្ចុប្បន្ន ភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុង-ខេត្តសៀមរាប ។ ទី៣-ឈ្មោះ ថន ប៊ុនឡុង ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរសិស្សមានទីលំនៅបច្ចុប្បន្នភូមិវត្តស្វាយ សង្កាត់សាលាកម្រើក ក្រុង-ខេត្តសៀមរាប។ ទី៤-ឈ្មោះ អិន លីហួរ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរសិស្សមានទីលំនៅបច្ចុប្បន្ន ភូមិស្វាយដង្គុំ សង្កាត់ស្វាយដង្គុំ ក្រុង-ខេត្តសៀមរាប។ ទី៥-ឈ្មោះ ឡុញ យូណាថាន ប្រុសអាយុ១៨ឆ្នាំមុខរបរនៅផ្ទះ មានទីលំនៅបច្ចុប្បន្នភូមិខ្នារ សង្កាត់ជ្រាវក្រុង-ខេត្តសៀមរាប។ ទី៦-ឈ្មោះធឹម សុធន ភេទប្រុសអាយុ២១ឆ្នាំ មុរបរនៅផ្ទះ មានទីលំនៅបច្ចុប្បន្ន ភូមិព្រែកថ្មីសង្កាត់ ទឹកវិលក្រុង-ខេត្តសៀមរាប ។ ទី៧-ឈ្មោះ សួន ពិសែន ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅបច្ចុប្បន្នភូមិជន្លង់ សង្កាត់សាលាកម្រើក ក្រុង-ខេត្តសៀមរាប ។ ទី៨-ឈ្មោះ ប៉ូ សុងហេង ភេទប្រុសអាយុ ២១ ឆ្នាំមានទីលំនៅបច្ចុប្បន្នភូមិជន្លង់ សង្កាត់សាលាកម្រើក ក្រុង-ខេត្តសៀមរាប

យោងតាមចម្លើយសារភាពរបស់ជនសង្ស័យទាំង៩នាក់ សមត្ថកិច្ចសន្និដ្ឋានថា ពួកគេទាំងក្រុមធ្លាប់មានទំនាស់ជាច្រើនលើកច្រើនសាមកហើយ ហើយនៅថ្ងៃកើតហេតុ ពួកគេបានចូលផឹកស៊ីនៅហាងមាយយ ដែលមានយីហោ The street ស្ថិតនៅភូមិវត្តដំណាក់ សង្កាត់សាលាកម្រើក ក្រុង-ខេត្តសៀមរាប ហើយបានទាស់ពាក្យសម្តីគ្នា ជាថ្មីម្តងទៀត រហូតឈានដល់ប្រើអំពើហិង្សាវាយតប់គ្នាទៅវិញទៅមក បណ្តាលឲ្យមនុស្សម្នាក់រងរបួសធ្ងន់ ។

យោងតាមពាក្យបណ្ដឹងរបស់ម្ចាស់ទីតាំង និងចម្លើយសារភាព របស់ជនសង្ស័យទាំង៩នាក់ខាងលើ បច្ចុប្បន្នជនសង្ស័យទាំងអស់នេះត្រូវបានកម្លាំងនគរបាលក្រុងសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់