ព័ត៌មានជាតិ

Update៖ ឆ្លងចរន្តអគ្គិសនី បណ្ដាលឲ្យឆេះតូបលក់ដូររបស់អាជីវករ ក្នុងផ្សារសំរោងយ៉ោងអស់ចំនួន ២៣០តូបទាំងស្រុង

តាកែវៈ កាលពីវេលាម៉ោង៦ និង៤៥នាទីល្ងាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតក្នុងឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ មានករណីអគ្គិភ័យឆេះផ្សារសំរោងយ៉ោង បណ្តាលឲ្យខូចខាតតូបលក់ដូររបស់អាជីវករ ក្នុងផ្សារចំនួន ២៣០តូប ក្នុងចំណោម២៦០តូប ដោយខូចខាតទាំងស្រុង។

ករណីនេះដែរ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានដឹកនាំកម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុក និងកម្លាំងជំនាញពាក់ព័ន្ធជួយអន្តរាគមន៍ ដោយប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ ២៧គ្រឿង ក្នុងនោះ ៖
-រថយន្តស្នងការដ្ឋាននគរបាលខេត្តតាកែវចំនួន ១១គ្រឿង
-ស្នងការដ្ឋាននគរបាលខេត្តកណ្តាលចំនួន ០២គ្រឿង
-ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺចំនួន ០២គ្រឿង
-រថយន្តរបស់នាយកដ្ឋានបង្ការពន្លត់អគ្គិភ័យចំនួន ០៤គ្រឿង
-កងពលតូចលេខ ៧០ចំនួន០៣គ្រឿង
-កសិដ្ឋានសូម៉ាចំនួន ០១គ្រឿង
-រថយន្តរបស់ព្រលានយន្តហោះអន្តរជាតិភ្នំពេញចំនួន ០២គ្រឿង
-រថយន្តរបស់ចំការម្រេចបញ្ញា ០១គ្រឿង និងក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ទើបអាចគ្រប់គ្រងបាន នៅវេលាម៉ោង២១និង៣០នាទី និងមិនឱ្យឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋ ដែលនៅជុំវិញផ្សារឡើយ។

មូលហេតុ៖ តាមការសន្និដ្ឋាន គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕

មតិយោបល់