ភ្នំពេញៈ រថយន្តកាម៉ារីប៉ាឡែន មួយគ្រឿង របស់បុគ្គលិក អង្គការ ចតទុកមុខផ្ទះរាល់យប់ដូចសព្វដង ត្រូវបានចោរលួច យកហើយបើកចេញទៅតាមផ្លូវបេតុង ជាប់ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ រួចបើកគេចខ្លួនបាត់ស្រមោល ។
ហេតុការណ៍ លួចរថយន្តនេះបានកើតឡើងកាលពីម៉ោងជិត៣និង៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃអាទិត្យ ទី១៩ ខែឧសភា ឆ្នាំ២០១៩នេះ នៅចំណុចផ្ទះល្វែងលេខ៣៤H ផ្លូវបេតុង ក្រុមទី១ ភូមិទ្រា ៣ សង្កាត់ស្ទឹងមានជ័យ ទី១ ខណ្ឌមានជ័យ ក្រុងភ្នំពេញ ។
រថយន្តដែលត្រូវបានចោរលួចយកទៅបាត់នោះម៉ាក CAMRY បាឡែន ស៊េរីឆ្នាំ ២០១៣ ពណ៍ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2AC-9356 ដែលមានម្ចាស់ឈ្មោះ នៅ សារ៉ាត់ ភេទប្រុស មុខរបរបុគ្គលិក អង្គការ GIZ ។
បើតាមសម្ដីម្ចាស់រថយន្តរងគ្រោះ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា នៅមុនកើតហេតុ រថយន្តរបស់គាត់ បានចតទុកមុខផ្ទះរាល់យប់ដូចសព្វដង មិនខុសពីរថយន្ត ផ្សេងៗទៀត ច្រើនគ្រឿង ចតទុកតែមុខផ្ទះល្វែងខាងលើជាប់ៗគ្នា លុះវេលាម៉ោងកើតហេតុ ខាងលើស្រាប់តែម្ដាយរបស់គាត់ស្រែកដាស់អ្នកផ្ទះឲ្យងើប ទើបដឹងថារថយន្តគាត់ ត្រូវបានចោរកំពុងលួចយកបើកចេញទៅហើយ ទើបផ្ដល់ព័ត៌មានប្រាប់វិទ្យុABC ជួយផ្សាយបន្ទាន់ និងទាកក់ទងឲ្យសមត្ថកិច្ច ចុះមកពិនិត្យដល់ទីតាំង ។
ក្រោយមកគេឃើញមានកម្លាំងល្បាតប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី១និងកម្លាំងស៊ីវិលរបស់មូលដ្ឋានកងរាជអាវុធ
ហត្ថខណ្ឌមានជ័យបានចុះមកកន្លែងកើតហេតុ រួចធ្វើការសាកសួរ និងធ្វើកំណត់ហេតុ ៕
មតិយោបល់