កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃព្រហ ១៥រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១៧ និង៥០នាទី មានករណីលួចមានស្ថានទម្ងន់ទោស(ឆក់កាបូបលុយមិនបានសម្រេច) នៅចំណុចភូមិចំបក់ត្រប់ ឃុំព្រែករការ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ។
ជនរងគ្រោះ ០៣នាក់ ៖
១.ឈ្មោះ ឡុច សុខយ៉ូន ភេទស្រី អាយុ២៨ឆ្នាំមានទីលំនៅភូមិចំបក់ត្រប់ ឃុំព្រែករការ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរកម្មការិនី សិប្បកម្មតម្បាញ។
២.ឈ្មោះ ម៉ន រតនា ភេទស្រី អាយុ៣៣ឆ្នាំ មានទីលំនៅភូមិ ចំបក់ត្រប់ ឃុំព្រែករការ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរកម្មការិនី សិប្បកម្មតម្បាញ។
៣.ឈ្មោះ សុខ សុងហេង ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិចំបក់ត្រប់ ឃុំព្រែករការ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរកម្មករសំណង់។
ជនសង្ស័យ០២នាក់៖
១-ឈ្មោះ សុត សុជាតិ ភេទប្រុស អាយុ២២ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិទាំងឬស្សី ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ មុខរបរកម្មកររោងចក្រ ។
២- ឈ្មោះ ភុន វីរ: ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិ ទាំងឬស្សី ឃុំពត់សរ ស្រុកបាទី ខេត្តតាកែវ មុខរបរ កម្មករសំណង់ ។
វត្ថុតាងចាប់យក៖ ម៉ូតូមួយគ្រឿងម៉ាក Honda Dream Fi សេ១១០ ពណ៌ក្រហម ពាក់ផ្លាកលេខ ភ្នំពេញ 1BQ 6326 (របស់ជនសង្ស័យ)។ នៅថ្ងៃទីខែឆ្នាំ កើតហេតុខាងលើ ជនរងគ្រោះទាំង០៣នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ស៊េរីឆ្នាំ២០១៦ ដោយឈ្មោះ សុខ សុងហេង ជាអ្នកបើកបរម៉ូតូ ឈ្មោះ ម៉ន រតនា ជិះកណ្ដាល និង ឡុច សុខយ៉ូនជាអ្នកជិះខាងក្រោយ បានធ្វើដំណើរចេញពីសួនសត្វភ្នំតាម៉ៅ ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ ដើម្បីត្រឡប់មកផ្ទះវិញ នៅភូមិឃុំកើតហេតុខាងលើ ពេលជិះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែមានជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូម៉ាក Honda Dream Fi ពណ៌ក្រហម ដោយឈ្មោះ សុត សុជាតិ ជាអ្នកបើកបរម៉ូតូ និងឈ្មោះ ភុន វិរៈ ជាអ្នកជិះខាងក្រោយ បានជិះមកតាមពីក្រោយជនរងគ្រោះ រួចវ៉ាមកខាងស្តាំដៃជនរងគ្រោះ ហើយជនសង្ស័យជិះខាងក្រោយបានធ្វើសកម្មភាពឆក់កាបូបលុយរបស់ជនរងគ្រោះ ដែលជិះខាងក្រោយ បណ្ដាលឲ្យដាច់ខ្សែកាបូប តែមិនបានសម្រេច ធ្វើឲ្យជនរងគ្រោះចំនួន០២នាក់ ធ្លាក់ពីលើម៉ូតូ ម្នាក់របួសជើងខាងស្តាំ និងម្នាក់ទៀតមានផ្ទៃពោះជិតគ្រប់ខែ បន្ទាប់មកជនសង្ស័យ បានជិះគេចខ្លួន។
ភ្លាមនោះជនរងគ្រោះបានតេទូរសព្ទ ប្រាប់ឪពុករបស់ខ្លួនដែលជាប្រជាការពារឲ្យស្រែកតាមវិទ្យុទាក់ទងអាចកូម ដេញតាមពីក្រោយជនសង្ស័យ ដោយឃើញមិនស្រួល ជនសង្ស័យ ក៏ផ្តួលម៉ូតូរបស់ខ្លួនក្នុងបំណងរត់គេច តែត្រូវប្រជាការពារ និងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបឹងខ្យាង និង ព្រែកស្លែងចាប់ឃាត់ខ្លួនបាននៅចំណុចភូមិ ប្រឡាយ ឃុំបឹងខ្យាង។
បច្ចុប្បន្ន ជនសង្ស័យត្រូវបាមបញ្ជូនមកកាន់អធិការដ្ឋានដើម្បីកសាងសំណុំរឿងតាមនិតិវិធី៕





មតិយោបល់