ព័ត៌មានជាតិ

ជនសង្ស័យ២នាក់ រួមនឹងថ្នាំញៀន១៩ថង់ ត្រូវបានបញ្ជូនទៅតុលាការ

បន្ទាយមានជ័យ: ជនសង្ស័យចំនួន២នាក់ រួមនឹងគ្រឿងញៀនចំនួន១៩ថង់តូច ត្រូវបានអាវុធហត្ថ ក្រុងប៉ោយប៉ែត ចាប់ខ្លួនកាលពីល្ងាចថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦នេះ ម្សិលមិញនេះ បញ្ជូនមកទីបញ្ជាការកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ដើម្បីធ្វើការសាកសួរបន្ត។

លោកវរសេនីយ៍ឯក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថ ខេត្តបន្ទាយមានជ័យ ទទួលបន្ទុកបង្ក្រាបគ្រឿង បានឲ្យដឹងថា ជនសង្ស័យទាំង២នាក់នេះ ១ឈ្មោះ ទូច រដ្ឋា ប្រុសអាយុ២៦ឆ្នាំ និង២ឈ្មោះ ផន សុជាតិ ប្រុសអាយុ៣២ឆ្នាំ អ្នកទាំងពីរនាក់នេះរស់នៅក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

លោកបានបន្ដទៀតថា មុនពេលកើតហេតុនោះកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលព័ត៌មានពីប្រជាពលរដ្ឋថា មានយុវជន២នាក់ កំពុងនាំគ្នាជក់ និងលក់គ្រឿងញៀន នៅចំណុចម្តុំខាងលិចស្តង់តាងួន ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ទើបកម្លាំងអាវុធហត្ថ ចុះទៅដល់កន្លែងធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់នោះ ភ្លាមៗផងដែរ។

នៅមុខអាវុធហត្ថជនសង្ស័យទាំង២នាក់ បានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចលក់គ្រឿងញៀននៅចំណុចខាងលើពិតប្រាកដមែន ហើយគ្រឿងញៀនទាំងអស់នេះ ខ្លួនបានទិញពីបុរសម្នាក់ក្នុងតម្លៃ៣.០០០បាទ យកមកវេចខ្ចប់ដាក់ក្នុងកូនថង់តូចៗ ក្នុង១ថងមានតម្លៃ ៣០.០០០រៀល។

ក្រោយពីបានចម្លើយសារភាព ហើយជនសង្ស័យទាំង២នាក់ ត្រូវបានកម្លាំងអាវុធហត្ថកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីដាក់ទោសទៅតាមច្បាប់៕

ថ្នាំញៀន (2)

ថ្នាំញៀន (1)

មតិយោបល់