ព័ត៌មានជាតិ

ប្រាក់បង់ថង់ក៏ដាច់! ជនសង្ស័យម្នាក់ លួចទ្បានរបស់ក្រុមល្បាត អង្គការសម្ព័ន្ធមិត្តសត្វព្រៃ បើករត់បុកប៉ារ៉ាស់ បណ្ដាលឲ្យក្រឡាប់ថយន្ត ចុងក្រោយ…

ពោធិ៍សាត់: នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២០ ត្រង់ចំណុចស្នាក់ការសម្ព័ន្ធមិត្ត សត្វព្រៃររៀង ស្ថិតក្នុងភូមិររៀង ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ មានករណីជនសង្ស័យម្នាក់ ធ្វើសកម្មភាពលួចរថយន្ត តែមិនសម្រេច ក៏ត្រូវជាប់ខ្នោះសមត្ថកិច្ច។

ជនសង្ស័យឈ្មោះ សេង សៀប ភេទប្រុស អាយុ២៤ឆ្នាំ ជាតិខ្មែរ រស់នៅភូមិក្រោលគោ ឃុំសំបូរមាស ស្រុកមុខកំពូល ខេត្តកណ្តាល។

សមត្ថកិច្ច បានឲ្យដឹងថា នៅវេលាកើតហេតុ ជនសង្ស័យបានឃើញរថយន្តម៉ាកម៉ាស្តា ពណ៌សំបកឪឡឹក ពាក់ផ្លាកលេខ ONG 12-0014 របស់ក្រុមល្បាតអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ទើបត្រឡប់មកពីចុះបេសកកម្ម ចតចោលមិនដកសោ ក៏ចូលទៅលួច ដោយបើកមិនបានប៉ុន្មានគីឡូម៉ែត្រផង បានរេចង្កូតទៅបុកប៉ារ៉ាស់ បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើងទៅមុខលែងរួច។

ក្រោយកើតហេតុ រថយន្តខាងលើ ត្រូវបានស្ទូចយកទៅរក្សាទុក នៅស្នាក់ការសម្ព័ន្ធមិត្តសត្វព្រៃ (រវៀង) ចំណែកជនសង្ស័យ ត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគបាលស្រុកភ្នំក្រវាញ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់