បន្ទាយមានជ័យៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម
បានឲ្យដឹងថា បុរសម្នាក់ ត្រូវសមត្ថកិច្ច ករណីបង្កហិង្សាយកកាំបិតកាប់បុរសម្នាក់ បណ្ដាលឲ្យរងរបួស។
ជនសង្ស័យឈ្មោះ គា រ៉ា ភេទប្រុស អាយុ២៤ឆ្នាំ មុខរបររើសអេតចាយ មានទីលំនៅមិនពិតប្រាកដ ចំណែកជនរងគ្រោះ ឈ្មោះ លឹម ឆក ភេទប្រុសអាយុ២៥ឆ្នាំ នៅភូមិក្បាលកោះ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកមេបញ្ជាការ បានបញ្ជាក់ថា ៖ ជនសង្ស័យឈ្មោះ គា រ៉ា បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះឈ្មោះ លឹម ឆក កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០។
ក្រោយពីទទួលបានបណ្តឹងពីឈ្មោះជនរងគ្រោះ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានធ្វើការស្រាវជ្រាវ និងឈានដល់ការចាប់ឃាត់ខ្លួនជនសង្ស័យឈ្មោះ គា រ៉ា បាន នៅវេលាម៉ោង០២និង៤៥នាទីទៀបភ្លឺ ឈានចូលថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ នៅចំណុចភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត រួចនាំខ្លួនមកសាកសួរ រួមទាំងវត្ថុតាងកាំបិតធ្វើសកម្មភាពចំនួន០១ដើម ប្រវែង ៤០សង់ទីម៉ែត្រ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បានបញ្ជាក់ថា ៖ តាមចម្លើយសារភាពរបស់ជនសង្ស័យបានសារភាពថាខ្លួនធ្លាប់ជាប់ពន្ឋនាគារពីបទលួចទ្រព្យសម្បត្តិអ្នកដទៃ។ ចំពោះមូលហេតុដែលគេកាប់ទៅលើជនរងគ្រោះនោះ ក្នុងខណៈពេលខ្លួនកំពុងដើររើសអេតចាយ ជាមួយគ្នាគេម្នាក់ទៀត បាននិយាយប្រាប់ថា កាលដែលខ្ញុំជាប់គុកលើកមុនដោយសារ អា ឆក អ្នករាយការណ៍ឱ្យសមត្ថកិច្ច ដោយខឹងទប់កំហឹងមិនបាន ក៏ជិះកង់ហើយយកកាំបិតទៅកាប់ឈ្មោះ ឆក នៅម្តុំផ្សារអគ្គ ស្ថិតក្នុងភូមិបាលិលេយ្យ១ សង្កាត់/ក្រុងប៉ោយប៉ែត បណ្ដាលឱ្យរងរបួសតែម្តង។
ផ្អែកតាមចម្លើយសារភាព និងមានវត្ថុតាងផងនោះ កម្លាំងជំនាញបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ចាត់ការបន្ត និងបច្ចុប្បន្ន ជនសង្ស័យ រួមទាំងវត្ថុតាង ក៏ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តចាត់ការតាមនីតិវិធីផងដែរ៕


មតិយោបល់