បាត់ដំបងៈ នៅថ្ងៃច័ន្ទ ៤កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ដឹងនៅវេលាម៉ោង១២និង០០នាទី មានករណីធ្វើអត្តឃាត ដោយដុតសម្លាប់ខ្លួន បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង នៅក្រុមទី០៦ ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
សាកសពឈ្មោះ ហ៊ាត ហ៊ាក់ ភេទប្រុស អាយុ២១ឆ្នាំ បច្ចុប្បន្នស្នាក់នៅក្នុងវត្តកណ្ដាល ក្រុមទី០៦ ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានស្រុកកំណើតនៅ ភូមិគោកឫស្សី ឃុំបាល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប មុខរបរ: ព្រះសង្ឃ ។
តាមសង្ឃដីកា របស់ព្រះគ្រូចៅអធិការវត្តកណ្តាល ព្រះនាម កែវ សំពង់ ព្រះជន្ម៣៨ឆ្នាំ បានបញ្ជាក់ថា នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១១ និង៣០នាទី ព្រះអង្គបានឃើញផ្សែងភ្លើងហុយយ៉ាងខ្លាំងនៅក្នុងបន្ទប់កុដិលេខ២ ក៏ស្រែកសួរថា អ្នកណាដុតអីនៅខាងលើហ្នឹង ដោយមិនមានអ្នកឆ្លើយ ក៏ឡើងទៅមើល បានឃើញបន្ទប់កុដិលេខ២ ឆេះខាងក្នុងហើយជាប់ទ្វារ ក៏ស្រែកហៅលោកសង្ឃដែលនៅក្បែរនោះឲ្យមកជួយរុញទ្វារចេញ ដើម្បីយកទឹកមកពន្លត់ ពេលដែលរុញទ្វារបានហើយ ស្រាប់តែបានឃើញព្រះសង្ឃមួយអង្គព្រះនាម ហ៊ាត ហ៊ាក់ (សាកសព) កំពុងតែឆេះខ្លួនប្រាណនៅលើគ្រែ ពេលនោះព្រះសង្ឃដទៃទៀតបានយកទឹកមកជួយពន្លត់ តែព្រះសង្ឃ ហ៊ាត ហ៊ាក់ (សង្ឃរងគ្រោះ) បានផុតដង្ហើមបាត់ទៅហើយ ។
ការសន្និដ្ឋាន តាមការត្រួតពិនិត្យផ្នែកជំនាញ ព្រះសង្ឃរងគ្រោះខាងលើ សុគតដោយធ្វើអត្តឃាត ដោយដុតសម្លាប់ខ្លួន ( អាចបណ្ដាលមក ពីយកឆ្នាំងដាំទឹកអគ្គិសនីដាក់គរបង្កប់ក្នុងពំនូកស្បង់ជីវរ សៀវភៅ ឯកសារមួយចំនួន ធ្វើឲ្យឆ្លងចរន្តអគ្គិសនីបង្កើតជាភ្លើងឆេះ ដោយសពបានយកស្បង់ជីវរចងខ្លួន ចងភ្ជាប់ទៅនឹងមេគ្រែជាប់នឹងគ្រែ) ។
សាកសពបានប្រគល់ទៅឲ្យព្រះគ្រូចៅអធិការវត្តកណ្ដាល ព្រះនាម កែវ សំពង់ យកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់