ព័ត៌មានជាតិ

លុចស៊ីស LX470 បើកបុករថយន្តទំនើប ១គ្រឿង បណ្តាលឲ្យរងការខូចខាតទាំងសងខាង នៅខណ្ឌបឹងកេងកង

ភ្នំពេញ: កាលពីវេលាម៉ោង ១១និង៣០នាទីយប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវលូ១០៥ កែងនិងផ្លូវ៣៦០ សង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តពីរគ្រឿងបុកគ្នា បណ្តាលឲ្យរងការខូចខាតទាំងសងខាង។

ដំណើររឿង៖ ដំបូងទ្បើយគេឃើញ រថយន្តម៉ាក ALPHARD ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2AQ-6871 បើកបរដោយបុរសជនជាតិខ្មែរ បានដឹកភ្ញៀវជនជាតិចិនម្នាក់ ធ្វើដំណើរពីជើងទៅត្បូង តាមបណ្តោយផ្លូវ១០៥។

លុះមកដល់ពាក់កណ្ដាលផ្លូវបំបែកជាបួន ស្រាប់តែស្ត្រីម្នាក់ បើករថយន្តម៉ាកលុចស៊ីស LX470 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2W-7399 ធ្វើដំណើរពីកើតទៅលិច តាមបណ្ដោយផ្លូវ៣៦០ ក្នុងល្បឿនលឿនគួរសម មិនប្រយ័ត្ន ក៏ជ្រុលទៅបុករថយន្ត ALPHARD ចំផ្នែកខាងក្រោយចំហៀងខាងឆ្វេង បណ្តាលឲ្យរងការខូចខាតក្រពឹត និងវៀចកាងក្រោយ។

ដោយឡែករថយន្តលុចស៊ីស LX470វិញ ខូចខាតផែ្នកខាងមុខបន្តិចបន្តួច ពុំបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្ស ដែលជិះនៅក្នុងរថយន្តទេ។

ក្រោយកើតហេតុ ដោយសារភាគីរថយន្តទាំងសងខាង សម្របសម្រួលគ្នាមិនត្រូវ ទើបសមត្ថកិច្ច បានធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុក នៅការិយាល័យនគរបាលចរាចរណ៍ជើងគោក រាជធានីភ្នំពេញ ដើម្បីដោះស្រាយគ្នាពេលក្រោយ៕

មតិយោបល់