ព័ត៌មានជាតិ

ព្រហើនមែន! បុរសម្នាក់​ យកដបសាំង គប់ចូលផ្ទះលោកផ្កាយ៣ម្នាក់ បណ្តាលឲ្យភ្លើងឆេះ ត្រូវនគរបាលឃាត់ខ្លួន

ភ្នំពេញៈ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៤ និង៣០នាទី មានករណីជនសង្ស័យ ដែលធ្វើឱ្យខូចខាតដោយចេតនា បានយកដបសាំងគប់ចូលទៅក្នុងផ្ទះលោកផ្កាយ៣ម្នាក់ បណ្តាលឲ្យភ្លើងឆេះ នៅត្រង់ចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិព្រៃវែងខាងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ជនរងគ្រោះឈ្មោះ លក សូត្រ ភេទស្រី អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ ទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិព្រៃវែងខាងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ឃាត់ខ្លួនជនសង្ស័យម្នាក់ នៅវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ ឈ្មោះ ជួប ភារុំ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិព្រៃវែងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ (ជនសង្ស័យមានសារធាតុញៀន) ។

សម្ភារៈខូចខាត៖ ១/ឆេះរោលទ្វារផ្ទះ ២/ឆេះរោលណ្តើរ ៣/ឆេះទ្រនាប់ជើង ។

វត្ថុតាងចាប់យក៖ ១/ដែកកេះចំនួន០២ , ២/ទ្រនាប់ជើងផ្ទាត់ពណ៌ខៀវ ចំនួន០១ចំហៀង, ៣/កំទេច ដបសាំងមួយចំនួន។

ហេតុការណ៍៖ កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៤និង០០នាទី ជនរងគ្រោះឈ្មោះ លក សូត្រ ភេទស្រី អាយុ៥៣ឆ្នាំ កំពុងតែនៅក្នុងផ្ទះគ្មានលេខ ផ្លូវបេតុង ស្ថិតនៅភូមិព្រៃវែងកើត សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ ស្រាប់តែជនសង្ស័យឈ្មោះ ជួប ភារុំ ភេទប្រុស អាយុ៤០ឆ្នាំ បានគប់ដបសាំងចំនួន០២ដបចំណុះ០១លីត្រ ដែលមានសាំងពេញ គប់ចូលទៅក្នុងផ្ទះរបស់លោកផ្កាយ៣ម្នាក់ បណ្តាលឲ្យភ្លើងឆេះទៅលើទ្វារផ្ទះ និងទ្រនាប់ជើង០១ចំហៀង ។ ពេលនោះជនរងគ្រោះក៏បានស្រែកឆោឡោឱ្យអ្នកជិតខាងជួយពន្លត់ភ្លើង រួចក៏មានកម្លាំងសមត្ថកិច្ច និងប្រជាពលរដ្ឋមកដល់ ជួយអន្តរាគមន៍ពន្លត់ភ្លើង ហើយព័ទ្ធចាប់ឃាត់ខ្លួនបាន ជនសង្ស័យខាងលើ រួមនិងវត្ថុតាង ១/ដែកកេះចំនួន០២ , ២/ទ្រនាប់ជើងផ្ទាត់ពណ៌ខៀវ ចំនួន០១ចំហៀង, ៣/កំទេចដបសាំងមួយចំនួន យកមកធ្វើការសាកសួរនៅប៉ុស្តិ៍ នគរបាលរដ្ឋបាលព្រៃវែង តាមនីតិវិធីច្បាប់ ។

ក្រោយពីធ្វើការសាកសួរ ជនសង្ស័យបានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេ (ជនសង្ស័យ) ពិតជាបានយកដបសាំងចំនួន០២ ដែលមានសាំងពេញដុតភ្លើង រួចគប់ទៅលើផ្ទះ ជនរងគ្រោះ ប្រាកដមែន ។ ហើយកាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង២០ និង២១នាទី រូបគេ (ជនសង្ស័យ) ក៏ធ្លាប់បានធ្វើ សកម្មភាពយកដបសាំង០១ដប ដុតភ្លើង រួចគប់ចូលទៅក្នុងផ្ទះរបស់ ជនរងគ្រោះ បណ្តាលឱ្យឆេះជណ្តើរផ្ទះម្តងរួចមកហើយ តែជនរងគ្រោះពុំដឹងថា ជនសង្ស័យជាអ្នកគប់ឡើយ រហូតមកដល់ថ្ងៃកើតហេតុខាងលើ ជនសង្ស័យបានមកដុតម្តងទៀត ទើបជនរងគ្រោះដឹងថា ជនសង្ស័យ ជាអ្នកគប់កាលពីលើកមុនដែរ ទើបជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងចំឈ្មោះជនសង្ស័យ ដើម្បីឱ្យសមត្ថកិច្ចចាត់ការតាមផ្លូវច្បាប់តែម្តង ៕

មតិយោបល់