ព័ត៌មានជាតិ

ក្រុមអ្នកគាំទ្របាល់ទាល់ប្តឹងម្ចាស់ចំណតផ្ញើម៉ូតូនៅពហុកីឡដ្ឋានជាតិអូឡាំពិកករណីបាត់ម៉ូតូ

ភ្នំពេញៈ យោងតាមពាក្យបណ្តឹងចុះថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ ដែមានលោក វុន សុភាណារិទ្ធ ភេទប្រុស អាយុ៣០ឆ្នាំ (ជាតំណាងឲ្យជនរងគ្រោះ) ជាដើមបណ្តឹងប្តឹងឈ្មោះ អ៊ឹម ភិនសារិទ្ធ ភេទប្រុស មុខរបរ ប្រធានក្រុមហ៊ុន IPS Security Service CO.,LTD ដែលទទួលសិទ្ធិធ្វើអាជីវកម្មទទួលបញ្ញើម៉ូតូក្នុងបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក។

នៅក្នុងកម្មវត្ថុសំខាន់បំផុតនៃបណ្តឹងបានទាមទារឲ្យឈ្មោះ អ៊ឹម ភិនសារិទ្ធ សងសំណងថ្លៃម៉ូតូចំនួន៥គ្រឿង ដែលបានបាត់នៅក្នុងចំណតខាងលើសរុបទឹកប្រាក់ ៩,៥០០ដុល្លារ និងជំងឺចិត្តចំនួន ៨,០០០ដុល្លារ។

ដើមចមដែលនាំឲ្យមានបណ្តឹងប្រឆាំងឈ្មោះ អ៊ឹម ភិនសារិទ្ធ នេះដោយសារតែថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ ជនរងគ្រោះចំនួន ៥នាក់រួមមានទី១ឈ្មោះ ស៊ីម សារាយ ទី២ឈ្មោះ កូប ឃុតទ្រី ទី៣ឈ្មោះ ចាន់ មករា ទី៤ឈ្មោះ លី សុភ័ក្ត និងទី៥ឈ្មោះ ឆន ប្រុសណាត បានទៅទស្សនាការប្រកួតបាល់ទាត់នៅក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិក ដោយបានយកម៉ូតូ (សុទ្ធតែម៉ាងហុងដាC125 សេរី២០១៦ទាំងអស់) ទៅផ្ញើនៅទីតាំងទទួលបញ្ញើម៉ូតូរបស់ក្រុមហ៊ុន IPS Security Service CO.,LTD ដែលមានទីតាំងក្នុងពហុកីឡាដ្ឋានជាតិអូឡាំពិកតែម្តង។ ក្រោយពីមើលការប្រកួតបាល់ទាត់ចប់ ជនរងគ្រោះបានចេញមកវិញ ប៉ុន្តែរកមឃើញម៉ូតូក្រោយមកទើបដឹងថា ម៉ូតូរបស់ពួកគាត់ត្រូវបានចោរបន្លំយកអស់ទៅហើយ។

ក្រោយពេលបាត់ម៉ូតូបែបនេះ ក៏មានតំណាងក្រុមហ៊ុន IPS Security Service CO.,LTD ចេញមុខដោះស្រាយជាច្រើនលើកផងដែរ ប៉ុន្តែដោយសារតែភាគីក្រុមហ៊ុនព្រមបង់ថ្លៃសំណងទាបពេក ដូច្នេះភាគីជនរងគ្រោះមិនសុខចិត្តក៏ដាក់ពាក្យប្តឹងតាមផ្លូវតុលាការតែម្តងទៅ។

ទាក់ទងនឹងបញ្ហានេះយើងមិនអាចទាក់ទងលោក អ៊ឹម ភិនសារិទ្ធ ប្រធានក្រុមហ៊ុន IPS Security Service CO.,LTD ដើម្បីសុំការបំភ្លឺបានទេដោយសារតែទូរស័ព្ទដៃលោកហៅចូលហើយគ្មានអ្នកទទួល៕

photo_2016-08-08_15-33-40photo_2016-08-08_15-33-42photo_2016-08-08_15-33-46

មតិយោបល់