ភ្នំពេញៈ កម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌឫស្សីកែវ សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ស្វាយប៉ាក បានបើកប្រតិបត្តិការចុះបង្ក្រាបជនសង្ស័យ២នាក់ និងដកហូតនៅថ្នាំញៀនចំនួន២៣កញ្ចប់ កាលពីវេលាម៉ោង១និង៥០នាទីរសៀលថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦ ដែលស្ថិតនៅផ្លូវលំ ក្រុម៧ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ។
លោក ម៉ៅ ចាន់ថុន នាយរងផ្នែកទទួលបន្ទុកព្រហ្មទណ្ឌបានឲ្យដឹងថា ក្នុងប្រតិបត្តិបង្ក្រាបនេះដែរ កម្លាំងសមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនជនសង្ស័យ ២នាក់ ដែលជាជនជាតិវៀតណាម និងបានដកហូតនៅម្សៅក្រាមពណ៌(ស) ចំនួន២៣កញ្ចប់ ជាប្រភេទម៉ាទឹកកក ដោយក្នុងនោះ មានការចូលរួមសម្របសម្រួលពីលោក ចែ សុង ព្រះរាជ្ញាធររងអមសាលាដំបូងរាជធានីភ្នំពេញ។
ជនសង្ស័យទី១.ឈ្មោះ លី យាំងប៊ូ ភេទប្រុស អាយុ៦០ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ក្រុម៧ ភូមិលូ សង្កាត់ស្វាយប៉ាក ទី២ ឈ្មោះ ង្វៀង យាំងទី ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិ វៀតណាម មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ក្រុម១០ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ដកហូតនៅម្សៅក្រាមពណ៌(ស)ចំនួន ២៣កញ្ចប់តូច ជាប្រភេទ ម៉ាទឹកកក។
ជនសង្ស័យបានឆ្លើយសារភាពថា ពួកគេបានឈរលក់ថ្នាំឲ្យគេ ដោយក្នុងម្នាក់ៗ លក់ស៊ីភាគរយមួយកញ្ចប់តូចបានចំនួន ៣០០០រៀលទៅ៥០០០រៀលតាមកញ្ចប់តូចធំ។
បច្ចុប្បន្នជនសង្ស័យទាំង ២នាក់ និងវត្ថុតាងខាងលើ ត្រូវបានកម្លាំងនគរបាលឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការបន្តតាមនិតិវិធីច្បាប់៕
មតិយោបល់