ព័ត៌មានជាតិ

បង្រ្កាបទីតាំងល្បែងស៊ីសង(បៀរ) ឃាត់ខ្លួនស្រ្តី៤នាក់ នៅខេត្តកណ្តាល

កណ្តាលៈ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបជូនបងប្អូនប្រជាពលរដ្ឋ ដែលបានផ្ញើសាររាយការណ៍ ក្នុងផេកហ្វេសប៊ុកស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដែលមានខ្លឹមសារថា «បងអើយឃើញមានបងប៉ូលិសទៅណែនាំ តែឥឡូវលែងលេងនៅខាងមុខហើយប្ដូរទៅលេងនៅខាងក្រោយផ្ទះវិញ ផ្ទះខាងក្រោយមួយទៀត»។

ក្រោយទទួលបានព័ត៌មាននេះ ដោយមានការចង្អុលបង្ហាញពីក្រុមការងារប្រតិកម្មរហ័សខេត្ត លោកអធិការនគរបាលស្រុកកោះធំ បានបញ្ជាឱ្យកម្លាំងនគរបាលប៉ុស្តិ៍សំពៅពូន ចុះស្រាវជ្រាវរហូតឈានដល់ការបង្រ្កាបទីតាំងល្បែងស៊ីសង(បៀរ) ខាងលើ នៅថ្ងៃអង្គារ ០៥កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៥ និង៣០នាទី ចំណុចរោងដាក់ចំបើងរបស់ឈ្មោះ នី ភ័ណ្ឌ ស្ថិតក្នុងភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ក្នុងនោះសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់៖

១/ឈ្មោះ ផន រ៉ា ភេទស្រី អាយុ៥៤ឆ្នាំ។២/ឈ្មោះ ជាប់ សៀកណៃ ភេទស្រី អាយុ៤៤ឆ្នាំ។ ៣/ឈ្មោះ ហុង គឹមលី ភេទស្រី អាយុ៥៩ឆ្នាំ។៤/ឈ្មោះ ចិត្រ សុខថា ភេទស្រី អាយុ៤៩ឆ្នាំ។ អ្នកទាំង០៤នាក់ មានមុខរបរ កសិករ រស់នៅភូមិ-ឃុំកើតហេតុ ។

វត្ថុតាងចាប់យករួមមាន៖១.សន្លឹកបៀរ២៤៤សន្លឹក,២.ស្បែកជើងចំនួន១២គូរ,ធុងទឹកកកជ័រមានពណ៌លឿងចំនួន០១,៤.ប្រាក់ចំនួន៣៥,០០០រៀល(បីម៉ឺនប្រាំពាន់រៀល),៥.ក្រណាត់កំរាលសម្រាប់ក្រាលលេងបៀរចំនួន០៣ផ្ទាំង,៦.កន្ទេលចំនួន០២,៧.សៀវភៅកត់កន្ទុយលេខ មានលេខឆ្នោតចំនួន០១ក្បាល។

បន្ទាប់មកកម្លាំងប៉ុស្តិ៍ពិនិត្យឃើញថាទីតាំងនេះកម្លាំងធ្លាប់ចុះអប់រំ ណែនាំ និងធ្វើកិច្ចសន្យាម្តងរួចមកហើយ ប៉ុន្តែនៅតែមិនរាងចាល សមត្ថកកិច្ចបានបញ្ជូនជនសង្ស័យ ទាំង០៤នាក់ និងវត្ថុតាងខាងលើ ទៅអធិការដ្ឋាននគរបាលស្រុកកោះធំដើម្បីចាត់ការតាមនីតិវិធី។ អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋដែលនិយមចូលចិត្តប្រើប្រាស់ បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកមេត្តាជ្រាប៕

មតិយោបល់