ព័ត៌មានជាតិ

រថយន្តមិនចាំម៉ាក បើកបុកម៉ូតូ បណ្ដាលឲ្យយុវជនម្នាក់ ស្លាប់មួយរំពេច នៅខណ្ឌដង្កោ

ភ្នំពេញៈ យុវជនម្នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីជិះម៉ូតូសុខៗ ត្រូវបានរថយន្តមិនស្គាល់ម៉ាក មកបុកពេញទំហឹង កាលពីវេលាម៉ោង ១០និង ៣០នាទីយប់ ថ្ងៃព្រហស្បតិ៍ ទី៩ ខែមេសា ឆ្នាំ ២០២០ ត្រង់ចំណុចខាងកើតរង្វង់មូលនាងបីគួរស្រូវ ប្រមាណ ២០០ ម៉ែត្រ តាមបណ្ដោយផ្លូវជាតិលេខ ២ស្ថិតក្នុងភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ផេង វុត្ថា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើការរោងចក្រ រស់នៅផ្លូវបេតុង ភូមិស្រីស្នំ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានី ភ្នំពេញ ជិះម៉ូតូម៉ាក suzuki លែក ពណ៌ខៀវ លាយស ពាក់ផ្លាកលេខ ភ្នំពេញ1GQ-7495 ជិះតែម្នាក់ឯង។

តាមសម្ដីបងប្រុសម្នាក់ ដែលរស់នៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា ដំបូងឡើយគាត់ឮសូរប្រាវ ពេលនោះគាត់ក៏បានចេញទៅមើល ស្រាប់តែឃើញជនរងគ្រោះ ដេកស្លាប់នៅនឹងថ្នល់បាត់ហើយ ខណៈដែលរថយន្តបង្ក បានបើករត់ចេញទៅទិសខាងលិច បាត់ស្រមោល មិនដឹងថា រថយន្តម៉ាកអ្វីនោះទេ។

សមត្ថកិច្ចជំនាញចរាចរណ៍ បានឲ្យដឹងថា ជនរងគ្រោះ ជិះម៉ូតូតាមបណ្តោយផ្លូវជាតិលេខ២ ទិសដៅពីលិចទៅកើត ចំណែកឯរថយន្តបង្ក ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ២ ទិសដៅពីកើតទៅលិច តែមិនចាំម៉ាកនោះទេ ដោយម៉ូតូរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានផ្នែកជំនាញ បានចុះមកដល់វាស់វែង យកម៉ូតូទៅរក្សាទុក និងធ្វើកំណត់ហេតុរួច ប្រគល់សាកសពឲ្យទៅសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់