ភ្នំពេញៈ រថយន្តហាយឡែនឌ័រមួយគ្រឿង បើករេចង្កូតចូលទៅបំណែកផ្លូវម្ខាង ជ្រុលទៅបុករថយន្តក្រុងបើកច្រាសទិស បណ្តាលឲ្យដាច់ខ្ទេចកង់មុខ ស្របពេលកើតហេតុ ស្រាប់តែមានម៉ូតូមួយគ្រឿងផ្សេងទៀត បោលលឿនជ្រុលទៅបុកពីក្រោយរថយន្តហាយឡែនឌ័រ បណ្តាលឲ្យបែកខ្ទេចកញ្ចក់ក្រោយ សំណាងល្អមនុស្សគ្រាន់តែរងរបួសស្រាល កាលពីវេលាម៉ោង៩និង២០នាទីព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ នៅតាមផ្លូវផ្សារតាំងកសាង ភូមិចម្ការឪឡឹក២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ ភាគីរថយន្តហាយឡែន ពណ៌ស្ករ ពាក់ផ្លាកលេខ ភ្នំពេញ 2Z-1788 បើកពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ រេចង្កូតចូលទៅបំណែកផ្លូវម្ខាងទៀត ជ្រុលទៅបុកពីចំហៀងរថយន្តក្រុង ពណ៌ខៀវ ពាក់ផ្លាកលេខ រដ្ឋ37 -0203 បើកច្រាសទិស បណ្តាលឲ្យរថយន្តហាយឡែនឌ័រ ដាច់កង់មុខផ្នែកខាងឆ្វេងក្រាបដល់ដី ហើយស្របពេលដែលរថយន្តទាំង២គ្រឿងជួបបញ្ហាភ្លាមនោះ ស្រាប់តែមានម៉ូតូមួយគ្រឿង ម៉ាកហុងដា ឌ្រីម ស៊េរី២០១៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រៃវែង 1O-4340 បើកល្បឿនលឿនពីត្បូងទៅជើង វ៉ាក់អឺជាន់ហ្វ្រាំងមិនទាន់ ក៏ជ្រុលបុកពីក្រោយរថយន្តហាយឡែនឌ័រ បណ្តាលឲ្យបែកកញ្ចក់ក្រោយខ្ទេច អ្នកបើកបរម៉ូតូរងរបួសក្បាលស្រាល ។
បើតាមសម្តីអ្នកបើកបររថយន្តក្រុង បានឲ្យដឹងថា ខណៈដែលគាត់កំពុងបើកបរ ស្រាប់តែឃើញរថយន្តហាយឡែនឌ័រ បើករេចង្កូតចូលមកគន្លងផ្លូវរបស់គាត់ ទោះជាស៊ីផ្លេ តែនៅបើកចូលទៀត ។
តែបើតាមសម្តីអ្នកបើកបររថយន្តហាយឡែនឌ័រវិញ បានឲ្យដឹងថា គាត់មិនបានស្រវឹងស្រាដូចដែលគេសង្ស័យនៅកន្លែងកើតហេតុឡើយ មកពីរថយន្តរបស់គាត់មានបញ្ហាបច្ចេកទេស ដាច់ម៉ែត្រចង្កូត ទើបរេចូលគន្លងផ្លូវម្ខាងទៀត ។
ក្រោយកើតហេតុ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ នគរបាលមូលដ្ឋានចុះពិនិត្យសម្រួលចរាចរណ៍ រួចប្រគល់ឲ្យការិយាល័យចរាចរណ៍ជើងគោកស្នងការក្រុងភ្នំពេញ វាស់វែង យកទៅរក្សាទុកជាបណ្តោះអាសន្ន រង់ចាំដោះស្រាយពេលក្រោយ ៕
មតិយោបល់