CAMSOC-ភ្នំពេញ៖ លោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា បានបង្ហាញអារម្មណ៍ខកចិត្តនឹងទម្រង់លេងរបស់ក្រុម ក្នុងការប្រកួតជាមួយកោះហ្គាំ នៃវគ្គជម្រុះពានរង្វាន់ AFC Asian Cup China 2023 ជើងទី១ កាលពីយប់មិញ ទោះបីកម្ពុជាបានយកឈ្នះក្រុមកោះរបស់សហរដ្ឋអាមេរិកនេះក៏ដោយ ។
អ្នកចាត់ការទូទៅក្រុមគោព្រៃកម្ពុជាខាងលើ បានបញ្ជាក់ថា «ខ្ញុំគួរតែសប្បាយចិត្តព្រោះយើងឈ្នះ តែខ្ញុំបែរជាខកចិត្តទៅវិញ ព្រោះទម្រង់លេងយើង គឺមិនល្អដូចពេលយើងលេងជាមួយក្រុមខ្លាំងៗ ទោះពេលនោះយើងចាញ់មែន តែខ្ញុំសប្បាយចិត្តជាង ព្រោះយើងមានទម្រង់លេងប្រសើរជាងនេះ» ។
អតីតសមាជិកក្រុមជម្រើសជាតិជប៉ុនដដែល សង្កត់ធ្ងន់ថា «បើយើងរីករាយជាមួយលទ្ធផលនេះ ជាមួយទម្រង់លេងបែបនេះ តើពេលណាទើបយើងអាចលេងឈ្នះក្រុមខ្លាំងៗ ក្នុងតំបន់ដូចជាវៀតណាម ឬថៃបាននោះ?» ។
លោកបន្ដថា «ការអភិវឌ្ឍន៍កាយសម្បទា និងបច្ចេកទេស ជាចំណុចដែលកីឡាករភាគច្រើនផ្ដោតលើ ក៏ដូចគ្នាយើងត្រូវពង្រឹងផ្នែកទាំងនោះ ប៉ុន្ដែអ្វីដែលពិសេសជាងនោះ យើងត្រួវយល់ដឹងពីការប្រើប្រាស់ តាក់តិច (Tactic) ដែលជាកត្ដាដែលធ្វើឲ្យក្រុមយើងអាចប្រកួតប្រជែងក្រុមខ្លាំងៗបាន» ។
ការលើកឡើងរបស់សមាជិកក្លិប FK Suduva នៃលីគកំពូលប្រទេសលីទុយអានីនេះ បន្ទាប់ពីក្រុមជម្រើសជាតិកម្ពុជា បានយកឈ្នះកោះហ្គាំ ១-០ ក្នុងជំនួបជើងទី១ នៅប្រទេសបារ៉ែន កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃអាទិត្យនេះ គ្រាដែលកម្ពុជា ត្រូវជួបកោះហ្គាំ ម្ដងទៀតនៅជើងទី២ នារាត្រីថ្ងៃទី១២ ខែតុលាសប្ដាហ៍ក្រោយ ដើម្បីកាត់សេចក្ដីរកក្រុមខ្លាំងឡើងវគ្គចែកពូលជុំទី៣ នៃពានរង្វាប់បាល់ទាត់ជើងឯកទ្វីបអាស៊ីនេះ ៕








មតិយោបល់