ភ្នំពេញៈ សមត្ថកិច្ចខណ្ឌឫស្សីកែវ បានសហការជាមួយសមត្ថកិច្ចប៉ុស្តិ៍ និងប្រជាការពារសង្កាត់ឫស្សីកែវ បានធ្វើការឃាត់ខ្លួនជនសង្ស័យ៣នាក់ កាលពីវេលាម៉ោង ៣និង៣០នាទីយប់ទាបភ្លឺ ថ្ងៃទី៣ ខែមករា ឆ្នាំ២០១៧ នៅចំណុចផ្លូវបេតុង ក្រុម៦ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ ទី១ឈ្មោះ ថុល សុខពីលីន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរកម្មករ មានទីលំនៅផ្ទះគ្មានលេខ ផ្លូវបេតុង ក្រុម១០ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ (ទទួលផលចោរកម្ម),ជនសង្ស័យទី២ឈ្មោះ ឡេង ផលលាង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរនិងទីលំនៅ មិនពិតប្រាកដ (អ្នកចាំមើលផ្លូវ), និងជនសង្ស័យទី៣ឈ្មោះ យ៉ឹង សម្បត្តិ ហៅជ្រូក ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំផ្ទះជួល ផ្លូវលំ ក្រុម១០ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ (អ្នកធ្វើសកម្មភាពគាស់សោរទ្វារ)។ ចំណែកឯជនរងគ្រោះមានឈ្មោះ គឹម មនោរម្យ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន មានទីលំនៅផ្លូវបេតុង ក្រុម៦ ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ សម្ភារៈដែលត្រូវក្រុមជនសង្ស័យគាស់ទ្វារយកទៅនោះមានដូចជា៖ កុំព្យូទ័រចំនួន ២គ្រឿង, ខ្សែកផ្លាកទីនចំនួន២ជី, កាមេរ៉ាតូចចំនួន១គ្រឿង, លេនកាមេរ៉ាកាណុងចំនួន២គ្រឿង, លុយខ្មែរចំនួន ៣០ម៉ឺនរៀល និងកាបូបចំនួន៧។
លោក តូច គឹមសុង នាយប៉ុស្តិ៍នគរបាលឫស្សីកែវ បានឲ្យដឹងថា នៅមុនពេលកើតហេតុ សមត្ថកិច្ចយើងបានទទួលដំណឹងពីប្រជាពលរដ្ឋមកថា មានចោរគាស់ទ្វារផ្ទះចូលលួចរបស់ក្នុងផ្ទះ។ ក្រោយពីបានទទួលដំណឹងនេះរួចមក កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ បានសហការជាមួយកម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវ និងប្រជាការពារសង្កាត់ឫស្សីកែវ បានបើកប្រតិបត្តិការស្រាវជ្រាវរហូតធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ឡេង ផលលាង ហើយកម្លាំងសមត្ថកិច្ចយើងបានបន្តធ្វើការស្រាវជ្រាវរហូតដល់វេលាម៉ោង ៧ព្រឹក បានឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតមានឈ្មោះ យ៉ឹង សម្បត្តិ ហៅជ្រូក ហើយសមត្ថកិច្ចយើងបានឃាត់ខ្លួនជនសង្ស័យទាំង ២នាក់មកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលឫស្សីកែវ។
ក្រោយពីបានធ្វើការសាកសួរទៅលើជនសង្ស័យទាំង ២នាក់ខាងលើរួចមក កម្លាំងសមត្ថកិច្ចយើងបានបើកប្រតិបត្តិការចុះទៅបង្ក្រាបទីតាំង ដែលទទួលផលចោរកម្ម មួយកន្លែងស្ថិតនៅតាមបណ្តោយផ្លូវរថភ្លើង ភូមិមិត្តភាព សង្កាត់ឫស្សីកែវ ដោយបានឃាត់ខ្លួនអ្នកដែលទទួលផលចោរកម្មម្នាក់ យកទៅប៉ុស្តិ៍នគរបាល ដើម្បីធ្វើការសាកសួរ។
បច្ចុប្បន្នជនសង្ស័យទាំង ៣នាក់ខាងលើ ត្រូវសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមផ្លូវច្បាប់៕
https://youtu.be/d_Q6S2SUfC4
មតិយោបល់