ព័ត៌មានជាតិ

សមត្ថកិច្ចចម្រុះ បង្រ្កាបគ្រឿងញៀន០២ករណី ឃាត់ខ្លួនជនជាតិចិនម្នាក់ និងដកហូតថ្នាំញៀនជិត១០គីឡូក្រាម

ភ្នំពេញ: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា សមត្ថកិច្ចចម្រុះគណ:បញ្ជាការឯកភាពខណ្ឌចម្ការមន រាជធានីភ្នំពេញសហការជាមួយ កម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បង្រ្កាបករណីជួញដូរគ្រឿងញៀនជិត១០គីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យជនជាតិចិន០១នាក់ ខណ:ចុះត្រួតពិនិត្យរកអាវុធជាតិផ្ទុះខុសច្បាប់ នៅគោលដៅផ្លូវចូលកោះពេជ្រ ចំណុចខាងមុខស្ពានហង្សក៏បានត្រួតពិនិត្យរថយន្តធ្វើដំណើរឆ្លងកាត់ ហើយឈានទៅបង្រ្កាបបានគ្រឿងញៀន០២ករណី។ ប្រតិបត្តិការនោះបានធ្វើឡើង កាលពីវេលាម៉ោង៩យប់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ ដឹកនាំដោយអភិបាលខណ្ឌចម្ការមន លោក ថេង សុថុល និងលោកអធិការនគរបាលខណ្ឌចម្ការមនលោកវរសេនីយ៍ឯក យិន សាន និងមានការសម្របសម្រួលនីតិវិធី ដឹកនាំបញ្ជាផ្ទាល់ដោយព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញលោក សំ ឬទ្ធីវាសនា។

​លោកវរសេនីយ៍ឯក យិន សាន អធិការនគរបាលខណ្ឌចម្ការមនឱ្យដឹងថា ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនខាងលើ បានអនុវត្តសម្រេចបានជោគជ័យអនុវត្តតាមគោលការណ៍ បង្រ្កាបពីលោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងមានការចូលរួមសហការពីកម្លាំងសមត្ថកិច្ចពាក់ព័ន្ធនិងកម្លាំងនគរបាល ការិយាល័យប្រឆាំងគ្រឿងញៀន ។ ប្រតិបត្តិការគ្រឿងញៀនមុនឃើញមានរថយន្ត ០១គ្រឿងម៉ាកលុចស៊ីស GS300 ពណ៌ខ្មៅ បានបើកឆ្លងកាត់ប៉ុស្តិ៍ត្រួតពិនិត្យរបស់សមត្ថកិច្ចចម្រុះ ។ នៅពេលនោះក៏ស្រាប់តែរថយន្តលុចស៊ីស បើកគេចពីសមត្ថកិច្ច ។ សមត្ថកិច្ចក៏បានប្រើប្រាស់មធ្យោបាយដេញតាមរថយន្តនោះ ក៏ប្រទះឃើញរថយន្តប៉ុន្តែអ្នកបើកបររត់គេចបាត់ សមត្ថកិច្ចត្រួតពិនិត្យក៏បានរកឃើញកាបូបយួរ០១ មានផ្ទុកគ្រឿងញៀន ខេតាមីន០១ថង់ធំ នៅក្បែររថយន្តនិងបានបន្តត្រួតពិនិត្យ ឈានដល់បង្រ្កាបបានគ្រឿងញៀន ០១ករណីផ្សេងទៀតឃាត់ខ្លួនជនសង្ស័យជនជាតិចិន០១នាក់ ជាមួយនិងគ្រឿងញៀន១៤ដុំ ។ វត្ថុតាងគ្រឿងញៀននិងជនសង្ស័យ នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ ត្រូវបានកសាងសំណុំរឿង ចាប់បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់។

ដោយឡែកពាក់ព័ន្ធនិងបទល្មើសគ្រឿងញៀននេះផងដែរ កម្លាំងសមត្ថកិច្ចចម្រុះនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ បានឆែកឆេរត្រួតពិនិត្យនិងបង្រ្កាបទីតាំង០១កន្លែង សង្ស័យផលិតគ្រឿងញៀន នៅខណ្ឌពោធិ៍សែនជ័យ ក្រោមការសម្របសម្រួលនីតិវិធី ពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងបានឃាត់ខ្លួនជនសង្ស័យស្រ្តីជនជាតិអ៊ុយក្រេនម្នាក់ ក្នុងនោះរកឃើញវត្ថុតាងជាច្រើនដែលសង្ស័យជាសារធាតុផ្សំផលិតគ្រឿងញៀន ករណីនេះសមត្ថកិច្ចកំពុងអនុវត្តតាមនីតិវិធី ៕

មតិយោបល់