ព័ត៌មានជាតិ

កម្លាំងនគរបាលវាយខ្នោះ ២នាក់ បងប្អូនបង្កើត ខណៈដែលពួកគេបំរុងធ្វើសកម្មភាពលួចយកម៉ូតូប្រជាពលរដ្ឋ

ភ្នំពេញ: នៅវេលាម៉ោង ១០និង៤០នាទីព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតត្រង់ចំណុចវាលស្រែ ផ្លូវ២១៧ ភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ កម្លាំងនគរបាលខណ្ឌដង្កោ វាយខ្នោះជនសង្ស័យ ២នាក់ បងប្អូនបង្កើត ខណ:ដែលពួកគេបំរុងធ្វើសកម្មភាពលួចយកម៉ូតូប្រជាពលរដ្ឋ។

ជនសង្ស័យទាំង ២នាក់រួមមាន៖
១/ឈ្មោះ ខុម ចាន់ណែង ហៅ ណេង អាយុ ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់ភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
២/ឈ្មោះ ខុម ចាន់នុត អាយុ ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅជាមួយគ្នា។

ដំណើររឿង៖ មុនពេលកើតហេតុកម្លាំងនគរបាល បានចុះល្បាតក្នុងមូលដ្ឋាន ដើម្បីការពារសុខសុវត្ថិភាពជូនពលរដ្ឋ ខណ:ពេលនោះឃើញជនសង្ស័យទាំង ២នាក់ខាងលើ ជិះម៉ូតូមួយគ្រឿងម៉ាក scoopy ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល1AF-7177
ឌុបគ្នាមកឈប់ក្បែរម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CR-7726 របស់ប្រជាពលរដ្ឋដែលចតក្បែរវាលស្រែ រួចចុះទៅបង់សំណាញ់ ហើយជនសង្ស័យទាំង ២នាក់ ក៏យកសោអក្សរតេ បំរុងនឹងធ្វើសកម្មភាពកាច់ក ប៉ុន្តែត្រូវកម្លាំងអន្តរាគមន៍ មានការសង្ស័យក៏ហៅសួរនាំ។

ពួកគេទាំង ២នាក់នោះក៏បើកម៉ូតូរត់ទើបកម្លាំងសមត្ថកិច្ច ជិះម៉ូតូដេញតាមពីក្រោយ និងស្រែកបោះដៃតាមវិទ្យុទាក់ ដើម្បីឲ្យកម្លាំងចេញជួយចាប់រហូតមកដល់ផ្លូវបេតុងតាមសន្តស្ទឹងព្រែកត្នោតចំណុចខាងកើតផ្សារព្រែកជ្រៃជាង ៥០០ម៉ែត្រ ទើបសមត្ថកិច្ចចាប់ខ្លួនបានទាំង ២នាក់ រួចឆែកឆេររកឃើញសោសម្រាប់កាច់កម៉ូតូចំនួន ៤ឈុត និងឃាត់ខ្លួនយកមកកាន់អធិការរដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕

មតិយោបល់