ព័ត៌មានជាតិ

គាស់បន្ទប់លួចទ្រព្យសម្បត្តិអ្នកដ៏ទៃ បានជាង២០ដង ចុងក្រោយត្រូវជាប់ខ្នោះរបស់សមត្ថកិច្ចខេត្តសៀមរាប

សៀមរាប: អនុវត្តតាមផែនការ របស់ លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និង តាមការណែនាំរបស់លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ កម្លាំងនគរបាលក្រុងសៀមរាប ដឹកនាំដោយដោយលោកវរសេនីយ៍ឯក ណុប សារ៉ា ក់ អធិការ នៃអធិការដ្ឋាននគរបាល ក្រុងសៀមរាប តែងតែធ្វើសកម្មភាព ត្រៀមនៅតាមគោលដៅ និងល្បាតជាប្រចាំ ដើម្បីបង្ការទប់ស្កាត់ បង្ក្រាបរាល់បទល្មើស ដែលកើតមានឡើងនៅក្នុងមូលដ្ឋាន ជាក់ស្តែង កាលវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ បន្ទាប់ពីទទួលសេចក្តីរាយការណ៍ តាមទូរសព្ទ័ភ្លាមៗ ពីឈ្មោះលាំ លាត ភេទប្រុស អាយុ២៤ឆ្នាំ ជាជនរងគ្រោះ ដោយអំពើលួចមានស្ថានទម្ងន់ទោស (លួចគាស់ផ្ទះយកទ្រព្យសម្បត្តិ ) បង្ករឡើងដោយជនមិនស្គាល់អត្តសញ្ញាណ នៅចំណុចបុរីសៀងណាំ ក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុង /ខេត្តសៀមរាប បណ្តាលឲ្យបាត់បង់ កុំព្យូទ័រ ចំនួន០២គ្រឿង ទូរស័ព្ទម៉ាកណូគារចុចពិលចំនួន០៣គ្រឿង កាបូបលុយ មានលុយចំនួន៦០០០រៀល នាឡិកាចំនួន០៣គ្រឿង កាក់ប្រាក់បាត(លុយថៃ)០១ថង់ដៃ នឹងកាបូបស្ពាយចំនួន០២ខោអាវមួយចំនួនព្រមទាំងចិញ្ជៀនប្លាទីន០១វង់។

បន្ទាប់ពី ទទួលបាន សេចក្តី រាយការណ៍ និងពាក្យ បណ្តឹង ពីជនរងគ្រោះខាងលើ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ជ្រាវ សហការណ៍ជាមួយកម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌ ដឹកនាំ ប្រតិបត្តិការ ផ្ទាល់ដោយលោកវរសេនីយ៍ទោ នួន ស ក្ត័ិចម្រើន រិទ្ធ អធិការរង ទទួលការងារព្រហ្មទណ្ឌ បានចុះដល់កន្លែងកើតហេតុ ដើម្បីបើកការស្រាវជ្រាវ រហូតកំណត់បានមុខសញ្ញាជនសង្ស័យ នឹងស្វែងរកឃាត់ខ្លួន ជនសង្ស័យ បាន នៅចំណុចផ្លូវចូលបុរីសៀង ណាំ ជាប់ផ្លូវជាតិលេខ៦ ហើយនាំមកធ្វើការសាកសួរ ។

ជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ខ្លួនមានឈ្មោះគ្រី ភារិន ភេទប្រុស អាយុ២៣ឆ្នាំ មានស្រុកកំណើតនៅភូមិត្រពាំងព្រីង សង្កាត់ត្រពាំងព្រីង ក្រុង/ខេត្តក្រចេះ មានទីលំនៅបច្ចុប្បន្ននឹងមុខរបរ មិនពិតប្រាកដ ពិតជាបានធ្វើសកម្មភាពលួចនៅក្នុងក្រុងសៀមរាបចំនួន០២លើក ដោយលើកទី០១-នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ០៧និង០០នាទីស្ថិតនៅភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងខេត្តសៀមរាបជនសង្ស៏យខាងលើ បានលួចទូរស័ព្ទមួយគ្រឿងម៉ាកហ៊ូវ៉ៃពណ៌ខៀវ( ជនរងគ្រោ:មិនទាន់ប្តឹង)។ លើកទី០២-នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង២៣.៣០នាទី ស្ថិតក្នងបុរីសៀងណាំ ក្នុងភូមិខ្នារ សង្កាត់ជ្រាវ ក្រុង.ខេត្តសៀមរាប ធ្វើសកម្មភាពលួចគាស់ផ្ទះរបស់ជនរងគ្រោះឈ្មោះលាំ លាត ។ ហើយជនសង្ស័យបានឆ្លើយសារភាពបន្ថែមទៀតថាចាប់ពីឆ្នាំ២០១៨ មកទាល់ពេលនេះ ខ្លួនធ្លាប់បានធ្វើ សកម្មភាពលួចគាស់ទម្លុះទម្លាយ យកទ្រព្យសម្បត្តិអ្នកដ៏ទៃ បានជាង២០ដងមកហើយ នៅឯក្រុង/ខេត្តក្រចេះ ។

ជាមួយគ្នានេះយើងបានធ្វើការ តេស្តរកសារធាតុញៀនខុសច្បាប់ លើខ្លួនជនសង្ស័យតាមរយ:ទឹកនោម ជាលទ្ធផល គឺវិជ្ជមាន(ប្រើប្រាស់ គ្រឿងញៀន) និងបានធ្វើការដកហូត វត្ថុតាងដែលជាទ្រព្យសម្បត្តិរបស់ជនរងគ្រោះ បានមកវិញ។

ជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌក្រុងសៀមរាប កសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បី ចាត់ការតាមនិតិវិធីច្បាប់ ៕

 

 

មតិយោបល់