ព័ត៌មានជាតិ

ខឹងខ្ចីលុយមិនព្រមឲ្យ! ជនសង្ស័យទាញកាំបិតប៉័ងតោហាន់សាច់ក្លែម កាប់ក្បាលជនរងគ្រោះរងរបួសធ្ងន់

យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៧និង៣០នាទី ជនរងគ្រោះ រួមជាមួយកម្មករសំណង់ផ្សេងទៀត មានគ្នាចំនួន០៥នាក់ បាននាំគ្នាផឹកស្រាថ្នាំចំនួន០២លីត្រ និងស្រាបៀរកម្ពុជា ចំនួន០៦កំប៉ុង នៅបន្ទប់ស្នាក់នៅរបស់ឈ្មោះ ឡុង ហេង ការដ្ឋានសំណង់បុរីប៉េងហួត ស្ថិតនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

១. ជនរងគ្រោះឈ្មោះ វ៉ន វី ហៅ លាភ ភេទប្រុស អាយុ៣០ឆ្នាំ
២. ជនសង្ស័យ ឈ្មោះ ហ៊ូវ ភក្តី ហៅ តុលា ភេទប្រុស អាយុ២៧ឆ្នាំ
៣. ឈ្មោះ ចែម សាមិត្ត ភេទប្រុស អាយុ៣៦ឆ្នាំ
៤. ឈ្មោះ ជីម កយ ភេទប្រុស អាយុ៣៦ឆ្នាំ
៥. ឈ្មោះ ឡុង ហេង ភេទប្រុស អាយុ២១ឆ្នាំ

សមត្ថកិច្ចឲ្យដឹងថា ពេលផឹកស៊ីរហូតដល់ម៉ោង២១:៣០នាទី ឈ្មោះ ចែម សាមិត្ត និងឈ្មោះ ជីម កយ បានឈប់ផឹកដើរទៅរោងស្នាក់នៅរៀងៗខ្លួន ចំណែកឈ្មោះ ឡុង ហេង បានដើរទៅនោមនៅសល់តែជនសង្ស័យ និងជនរងគ្រោះនៅកន្លែងផឹកស៊ី ។

ពេលនោះជនសង្ស័យ បានខ្ចីលុយពី ជនរងគ្រោះចំនួន២០,០០០រៀល តែជនរងគ្រោះមិនព្រមឱ្យ ក៏កើតទំនាស់ឈ្លោះប្រកែកគ្នា ទៅវិញទៅមក រួចជនសង្ស័យក៏បានទាញយក កាំបិតប៉័ងតោ សម្រាប់ ហាន់សាច់ក្លែម នៅកន្លែងផឹកស៊ី កាប់ទៅលើជនរងគ្រោះ ត្រូវចំក្បាលផ្នែកខាងលើដាច់រយះដល់លលាដ៍ក្បាល របួសធ្ងន់ រួចជនរងគ្រោះ ក៏បានចាប់ទាញកាំបិតប៉័ងតោពីជនសង្ស័យ ទៅវិញទៅមក រហូតរមៀលធ្លាក់ពីលើរោងស្នាក់នៅ ទៅលើដីទាំង ០២នាក់ ។

បន្ទាប់មកជនសង្ស័យ ក៏ទាញយកកាំបិតប៉័ងតោបានកាប់ទៅលើ ជនរងគ្រោះចំនួន ០២កាំបិតថែមទៀត តែជនរងគ្រោះ បាន យកកៅអីឈើរង ក៏បណ្តាលឱ្យត្រូវដាច់រយះកខាងឆ្វេង និងស្មា ខាងឆ្វេង របួសស្រាល ហើយក៏មានអ្នកជិតខាង ជួយចាប់ឃាត់បំបែក ចេញពីគ្នា។

ក្រោយពេលកើតហេតុ សន្តិសុខក្នុងបុរីប៉េងហួត ក៏បានទូរស័ព្ទរាយការណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល ជើងឯក ឱ្យជួយអន្តរាគមន៍ ហើយសមត្ថកិច្ចក៏បានចុះទៅដល់កន្លែងកើតហេតុ សាកសួរបំភ្លឺសាក្សី និងនាំជនរងគ្រោះ ដែលរងរបួសធ្ងន់ទៅសង្គ្រោះនៅមន្ទីរពេទ្យ បង្អែកដង្កោ រួចបញ្ជួនបន្តទៅមន្ទីរពេទ្យលោកសង្ឍ តែសមត្ថកិច្ច មិនអាចធ្វើការបំភ្លឺ ជនរងគ្រោះបានភ្លាមៗទេ ដោយសារជនរងគ្រោះបានសន្លប់លែងដឹងខ្លួន។ នៅពេលស្រាវជ្រាវដឹងពីការពិតហើយ សមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើ បាននៅវេលា ម៉ោង០៧និង៣០នាទី ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ជើងឯក តាមនីតិវីធីច្បាប់។ ក្រោយពីធ្វើការសាកសួរ ជនសង្ស័យ បានឆ្លើយសារភាពប្រាប់សមត្ថកិច្ចថា រូបគេពិតជាបានប្រើកាំបិតប៉័ង តោកាប់ទៅលើ ជនរងគ្រោះ ប្រាកដមែន ។

នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង០៩និង០០នាទី សមត្ថកិច្ចក៏បាន ទៅធ្វើការបំភ្លឺជនរងគ្រោះ ដល់មន្ទីរពេទ្យលោកសង្ឃ រួចជនរងគ្រោះក៏បានដាក់ពាក្យបណ្តឹងចំឈ្មោះ ជនសង្ស័យដើម្បីឱ្យសមត្ថកិច្ចចាត់ ការតាមផ្លូវច្បាប់តែម្តង៕

មតិយោបល់