ព័ត៌មានជាតិ

Update៖ កម្មករសំណង់ម្នាក់ ផឹកស្រាស្រវឹង ទៅដេកលើផ្លូវរទេះភ្លើង បណ្តាលឲ្យកិនដាច់ដៃជើងស្លាប់

ភ្នំពេញៈ បុរសម្នាក់ត្រូវបានកម្មកររោងចក្រធ្វើដំណើរទៅធ្វើការ ប្រទះឃើញដេកស្លាប់ក្នុងស្ថានភាពដាច់ដៃដាច់ជើង នៅលើផ្លូវរថភ្លើង ស្ថិនៅភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ បង្កឲ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៦ព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ដោយសារតែគាត់ផឹកស្រាស្រវឹងរួចទៅដេកនៅលើផ្លូវដែកនោះ។

បុរសខាងលើឈ្មោះ សុខា សោភ័ណ្ឌ អាយុ២៩ឆ្នាំ មុខរបរកម្មករសំណង់នៅក្នុងការដ្ឋានសំណង់បុរីផ្ទះល្វែងអូរដឹម មានទីលំនៅភូមិពូរ៉ាប៉េត ឃុំក្រង់តេះ ស្រុកពេជ្រាដា ខេត្តមណ្ឌលគីរី និងមានស្រុកកំណើតនៅឃុំមោង ស្រុកមោងឫស្សី ខេត្តបាត់ដំបង។

ប្រជាពលរដ្ឋបាននិយាយថា កាលពីវេលាយប់ថ្ងៃទី២៨ ខែកញ្ញាពួកគាត់បានឃើញបុរសខាងលើ ដើរតាមផ្លូវជាតិលេខ៤ ក្នុងស្ថានភាពស្រវឹងពីទិសខាងកើតឆ្ពោះទៅលិច បន្ទាប់មកទៅអង្គុយនៅលើផ្លូវដែកនោះ ហើយក្រោយមកមិនបានចាប់អារម្មណ៍ថា គាត់ដេកនៅទីនោះឬបែបណាទេ ។ លុះដល់វេលាម៉ោង៦ព្រឹកថ្ងៃទី២៩ ខែកញ្ញាទើបត្រូវបានកម្មករ១ក្រុម ដែលធ្វើដំណើរទៅធ្វើការរោងចក្រ ប្រទះឃើញសាកសពបង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក ។ ប៉ុន្តែកាលពីវេលាម៉ោង២យប់រំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែកញ្ញា មានរថភ្លើង១ខ្សែ បើកបរធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង លុះដល់វេលាម៉ោងជា៥ព្រឹកថ្ងៃដដែលមានរថភ្លើងដឹកប្រេង១ខ្សែទៀត បើកបរធ្វើដំណើរពីទិសដដែលនេះចូលភ្នំពេញ តែពុំដឹងថារថភ្លើងមុនឬក្រោយទេដែលកិនជនរងគ្រោះស្លាប់នោះ។

កម្មករសំណង់ម្នាក់បាននិយាយថា កាលពីថ្ងៃទី២៨ ខែកញ្ញា មេការបានឲ្យឈប់សម្រាក១ថ្ងៃព្រោះតែភ្លៀងធ្វើការមិនកើតហើយពេលនោះកម្មករមួយចំនួន បាននាំគ្នាទៅផ្ទះនិងមួយចំនួនទៀតសម្រាក នៅក្នុងការដ្ឋានសំណង់ ចំណែកជនរងគ្រោះ បានផឹកស្រាស្រវឹងធ្លាក់ភ្នែក ។ ក្រោយមកក៏បានដើរចេញពីការដ្ឋានសំណង់ ហើយក៏បានបាត់ខ្លួនរហូតដល់ព្រឹកឡើង ទើបប្រទះឃើញសាកសពបែបនេះតែម្ដង។

ក្រោយពេលកើតហេតុ នគរបាលប៉ុស្តិ៍កន្ទោក និងខណ្ឌកំបូលឲ្យចុះទៅពិនិត្យស្ថានភាពជាក់ស្ដែង និងបានទាក់ទងទៅកាន់ក្រុមគ្រួសារ ដើម្បីនាំយកសាកសពទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់