ព័ត៌មានជាតិ

អគ្គនាយកដ្ឋានអន្តោប្រវេសន៍កម្ពជា ធ្វើការបណ្តេញចេញជនជាតិចិនម្នាក់ ទៅប្រទេសរបស់ខ្លួនវិញ

ភ្នំពេញៈ យោងតាមផេក អគ្គនាកយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា នាព្រឹកថ្ងៃអង្គារ ១២កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ ក្រោមការចង្អុលដឹកនាំពី លោក នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានអនុញ្ញាតឲ្យ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី សហការជាមួយ ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ធ្វើការបណ្តេញចេញជនជាតិចិនចំនួនម្នាក់ ។

លោកឧត្តមសេនីយ៍ឯក កែម សារិន ប្រធាននាយកដ្ឋាន ស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឲ្យដឹងថា ជនជាតិចិននេះមានឈ្មោះ HUANG CHENYANG ភេទប្រុស អាយុ២២ឆ្នាំ ពាក់ព័ន្ធទៅនឹងបទល្មើស មនុស្សឃាត ប្រព្រឹត្តនៅប្រទេសចិន ដែលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ធ្វើការបង្រាបកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ ដែលមានការសម្របសម្រួលផ្លូវច្បាប់ ពីលោក គុជ គឹមទ្បុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងត្រូវបានបណ្តេញចេញតាមប្រកាសក្រសួងមហាផ្ទៃ ហាមចូលព្រះរាជាណាចក្រកម្ពុជាជាស្ថាពរ ដោយមានកម្លាំងសមត្ថកិច្ចចិនអមដំណើរ តាមជើងយន្តហោះលេខ CZ8314 វេលាម៉ោង ១២និង០៥នាទី ទៅប្រទេសដើមវិញ ដើម្បីអនុវត្តនីតិវិធីច្បាប់បន្ត ៕

មតិយោបល់