កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃអង្គារ ១២កើត ខែអាស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ១៨:៣០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តនិងម៉ូតូបណ្ដាលឲ្យ អ្នកបើកបរម៉ូតូស្លាប់ ០១នាក់ រីឯអ្នកបើកបរថយន្ដរត់គេចខ្លួន ខូចខាតម៉ូតូ ០១គ្រឿងធ្ងន់និងរថយន្ដ ០១គ្រឿងខូចខាតស្រាលនៅលើផ្លូវលេខ២១០ ស្ថិតក្នុងភូមិគោកសណ្ដែក ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។ នៅថ្ងៃទីខែឆ្នាំកើតហេតុ មានឈ្មោះ ញ៉ ស៊ីដា ភេទប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅភូមិព្រែកអ៉ុងប៉ាង ឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្ដាល មុខរបរលក់បន្លែ បានបើកម៉ូតូ ម៉ាកPCX ពណ៌ស លាយក្រហម ពាក់ផ្លាកលេខ ភ្នំពេញ1PP-0382 (ស្លាប់នៅកន្លែងកើតហេតុ) មិនពាក់មួកសុវត្ថិភាព បានបើកបរក្នុងទិសដៅ ពីជើងទៅត្បូង។ ពេលបើកមកដល់កន្លែងកើតហេតុ ក៏បានវេចង្កូតទៅបុកជាមួយរថយន្ដ ម៉ាក សាំងយ៉ុង ពណ៌លឿន ពាក់ផ្លាកលេខភ្នំពេញ 2AO-9472 ដែលកំពុងបើកបញ្ច្រាសទិសគ្នា ពីត្បូងទៅជើង បណ្ដាលអោយដួលម៉ូតូ ធ្វើអោយអ្នកបើកបរម៉ូតូស្លាប់នៅកន្លែកើតហេតុ។ ក្រោយពេលកើតហេតុអ្នកបើកបររថយន្ដបានរត់គេចខ្លួន។ បន្ទាប់ពីបានទទួលព័ត៌មានសមត្ថកិច្ចបានចុះមកពិនិត្យ និងវាស់វែងកន្លែងកើតហេតុ និងយក
វត្ថុតាងទាំងពីរយកមករក្សាទុកនៅអធិការដ្ឋានស្រុកស្អាង ដើម្បីកសាងសំណុំរឿងតាមនីតិវិធីនៃច្បាប់។ បច្ចុប្បន្ន សាកសពសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
ព័ត៌មានជាតិ
មតិយោបល់