ភ្នំពេញៈ បុរសជាជនអនាថាម្នាក់ ត្រូវបានអ្នកភូមិប្រទះឃើញដេកស្លាប់ នៅលើម៉ូតូកង់បីរបស់អ្នកស្រុក ដែលខូចចតទុកចោល បង្កឲ្យភ្ញាក់ផ្អើល កាលពីវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅលើម៉ូតូរ៉ឺម៉កកង់បី ជាប់ផ្ទះប្រជាពលរដ្ឋ តាមផ្លូវរថភ្លើង ក្រុម៣ សង្កាត់ប៉ប្រ៉កជើង សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។
ជនរងគ្រោះឈ្មោះ ព្រាប ជា ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ ដើរសុំទាន គ្មានសាច់ញាតិបងប្អូន មិនដឹងថា ផ្ទះសម្បែង ភូមិស្រុកនៅដល់ណាឡើយ តែស្នាក់នៅតាមផ្លូវរថភ្លើង សំយ៉ាបផ្ទះប្រជាពលរដ្ឋ ត្រង់ចំណុចខាងលើច្រើនឆ្នាំមកហើយ ជាមនុស្សញៀនស្រា ផឹកជាប្រចាំ ជួនអត់បាយទៀតផង ។
តាមបុរសឈ្មោះ អ៊ុយ មួង អាយុ៦៣ឆ្នាំ មុខរបរ រត់ម៉ូតូកង់បី ហើយត្រូវជាម្ចាស់ម៉ូតូកង់បីខាងលើ ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុ មានស្រុកកំណើត ភូមិបឹង ឃុំបឹង ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានឲ្យដឹងថា ជនរងគ្រោះខាងលើ រស់សព្វថ្ងៃ ក្នុងរបរដើរសុំទាន ជួនអ្នកភូមិ ឲ្យបាយ ទឹក តែជនរងគ្រោះ ផឹកស្រាជាប្រចាំ គ្មានលួសថ្ងៃណាឡើយ យប់ឡើងឧស្សាហ៍ឡើងដេក សម្រាកលើម៉ូតូកង់បីរបស់គាត់។
ប្រភពដដែលបន្តទៀតថា កាលពីយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ ជនរងគ្រោះ ឡើងដេកសម្រាកលើម៉ូតូកង់បីរបស់គាត់ ដែលខូចចតទុក ជាប់សំយ៉ាបផ្ទះ ដូចសព្វដងដែរ គ្មានអ្នកណាចាប់អារម្មណ៍ រហូតដល់ព្រឹកថ្ងៃទី២១ ទៅហើយ នៅតែឃើញដេក ក៏គ្មានអ្នកណាចាប់អារម្មណ៍ទៀត សូម្បីម្ចាស់កង់បី ក៏មិនហ៊ានដាស់ដែរ ស្រាប់តែនៅវេលាម៉ោង៨និង៣០នាទីព្រឹក ក្មេងៗទៅដាស់ ឲ្យងើប ដើម្បីយកម៉ូតូកង់បីទៅជួសជុល តែមិនងើបទៀត លុះ ម្ចាស់ដើរទៅដាស់ ស្រាប់តែ រឹងស្តូក ទើបឆោឡោភ្ញាក់ផ្អើល ដឹងថា ជនរងគ្រោះស្លាប់ រាយការណ៍ប្រាប់អាជ្ញាធរ សមត្ថកិច្ច ចុះមកពិនិត្យ ជាក់ស្តែង ។
សាកសពជនរងគ្រោះ តាមការពិនិត្យ សន្និដ្ឋាន របស់សមត្ថកិច្ច ជំនាញ គ្រូពេទ្យ កោសល្យវិច័យ រួចឃើញថា ស្លាប់ដោយសារគាំងបេះដូង ខណៈដែលជនរងគ្រោះ ផឹកស្រារហូតដាច់បាយ ហើយប្រគល់ឲ្យទៅអាជ្ញាធរ មូលដ្ឋាន រួមជាមួយអ្នកស្រុក យកទៅតម្កល់ទុកធ្វើបុណ្យតែវត្តពោធិចិនតុង តាមប្រពៃណី៕
មតិយោបល់