ព្រលានយន្តហោះអន្តរជាតិតារាសាគរ នឹងត្រូវបើកដំណើរការសាកល្បង នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១នេះ ខណៈដែលព្រលានយន្តហោះអន្តរជាតិនេះ ត្រៀមនឹងបញ្ចប់ការងារសាងសង់ក្នុងខែតុលា ឆ្នាំ២០២១។ នេះបើយោងតាមការឱ្យដឹងនៅក្នុងជំនួបរវាងនាយឧត្តមសេនីយ៍បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ជាមួយតំណាងក្រុមហ៊ុនសាងសង់អាកាសយានដ្ឋានអន្តរជាតិតារាសាគរ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២១ នៅរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។
ក្នុងជំនួប ភាគីទាំងពីរ ក៏បានពិភាក្សាពីការងារដែលនៅសេសសល់ និងបញ្ហាប្រឈម រួមនឹងការត្រៀមបើកដំណើរការសាកល្បងដែលគ្រោងធ្វើឡើងនៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ខាងមុខ។
លោកបណ្ឌិតរដ្ឋមន្ត្រី បានឯកភាពក្នុងការត្រៀមបញ្ចប់ការសាងសង់ និងការដាក់ឱ្យដំណើរការសាកល្បងស្របតាមលក្ខណៈបច្ចេកទេស។ ចំពោះការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នឹងត្រូវធ្វើនៅពេលក្រោយតាមពេលវេលាសមស្របណាមួយ។
សូមបញ្ជាក់ថា ព្រលានយន្តហោះអន្តរជាតិតារាសាគរ ត្រូវបានអភិវឌ្ឍ ដោយក្រុមហ៊ុនចិន ឈ្មោះ Tianjin Union Development Group (UDG) នៅក្នុងស្រុកបុទុមសាគរ ខេត្តកោះកុង។ សម្រាប់ការសាងសង់ព្រលានយន្ដហោះតារាសាគរនៅដំណាក់កាលទី១ ចំណាយថវិកាជាង២០០លានដុល្លារនោះ គឺសាងសង់លើផ្ទៃដីជាង ២១៨ហិកតា មានសមត្ថភាពអាចទទួលការចុះចតយន្តហោះធុន Boeing777 និង Airbus340 ដែលជាប្រភេទយន្ដហោះខ្នាតធំ៕
មតិយោបល់