ព័ត៌មានជាតិ

ម្តាយធ្វេសប្រហែស កូនលង់ទឹកស្លាប់ គួរឲ្យអាសូរ

សៀមរាបៈ​ ​ក្មេង​ម្នាក់​បាន​លង់​ទឹកស្រះ​នៅមុខ​ផ្ទះ​ស្លាប់​ ខណៈ​ម្ដាយ​កំពុង​ជាប់រវល់​ដាំបាយ​មួយ​សន្ទុះ ​ហើយ​ទុក​ឲ្យ​កូន​ដើរលេង​ម្នាក់ឯង ​​បន្ទាប់មក​បាន​បាត់​កូន​ហើយ​ដើររក​ឃើញ​កូននៅក្នុង​ទឹកស្រះ ​ហើយ​បាន​ហៅ​ឲ្យ​អ្នកជិតខាង​ជួយ ​តែ​អកុសល​ក្មេង​បាន​ដាច់ខ្យល់​ស្លាប់​បាត់​ទៅហើយ​។

ហេតុការណ៍​ភ្ញាក់ផ្អើលនេះ ​បានកើតឡើង​​ វេលា​ម៉ោង​១០និង​៣០​នាទី​​ ថ្ងៃទី​២៦ ខែ​កក្កដា ឆ្នាំ​២០១៦ ស្ថិត​ នៅ​ក្នុងភូមិ​សាលា ឃុំ​កំពង់ក្តី ស្រុក​ជីក្រែង ខេត្តសៀមរាប។

នគរបាល​ស្រុក​ជីក្រែង​ បាន​ឲ្យ​ដឹង​​ថា ​ក្មេង​រងគ្រោះ​មានឈ្មោះ ​ហោះ លី​ហួ ភេទ​ប្រុស អាយុ​១​ឆ្នាំ​ ៨​ខែ ដែល​មាន​ឪពុក​ឈ្មោះ ​រ៉េត ហោះ អាយុ​៣០​ឆ្នាំ ​ចេញទៅ​ប្រកបមុខរបរ​នៅ​ខាងក្រៅ ​និង​ម្ដាយ​ឈ្មោះ អ៊ុ ម៉ៅ អាយុ​៣៣​ឆ្នាំ ជា​ស្ត្រី​មេផ្ទះ ​មាន​ទីលំនៅ​​ស្ថិតនៅ​ក្នុងភូមិ​សាលា ឃុំ​កំពង់ក្តី ស្រុក​ជីក្រែង ខេត្តសៀមរាប​។

នគរបាល​ បាន​បន្តថា ក្រោយពី​ទទួល​បាន​ព័ត៌មាន​ករ​ណី​ខាងលើនេះ ​​កម្លាំង​សមត្ថកិច្ច​​ចុះ​ទៅដល់​កន្លែងកើតហេតុ ដើម្បី​ពិនិត្យ​សព ​ឃើញថា​ក្មេង​រងគ្រោះ​ពិតជា​បាន​ស្លាប់​ដោយសារ​លង់ទឹក​ពិតមែន​។ បច្ចុប្បន្ន​ សព​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​រៀបចំ​ធ្វើ​បុណ្យ​តាម​​ប្រពៃណី​៕

មតិយោបល់