ព័ត៌មានជាតិ

កម្លាំងសមត្ថកិច្ច តាមប្រមាញ់ចា​ប់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីវាយប្អូនបង្កើតរបស់ខ្លួន បណ្តាលឲ្យបាត់បង់ជីវិត

កំពង់ចាម: នៅថ្ងៃសុក្រ ១៥កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ ជនសង្ស័យម្នាក់បានវាយប្អូនប្រុសបង្កើតរបស់ខ្លួនឯង បណ្តាលឲ្យស្លាប់ នៅឯខេត្តក្រចេះកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ កន្លងទៅ ត្រូវឃាត់ខ្លួនបាន នៅចំណុចភូមិគគរ ឃុំគគរ ស្រុកកងមាស ខេត្តកំពង់ចាម តាមដីកាបញ្ជាឲ្យចូលខ្លួនលេខ៤៧៥ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០២០ លោកជា សុភក្ត្រ័ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តក្រចេះ ។

ករណីខាងលើនេះ កម្លាំងប្រតិបត្តិការក្រោមការបញ្ជាផ្ទាល់ពីលោក នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិលោក ឧត្តមសេនីយ៍ឯក អ៊ិន បូរ៉ា អគ្គស្នងការរងទទួលផែន និងចង្អុលបង្ហាញយ៉ាងយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ឲ្យកម្លាំងជំនាញបើកការស្រាវជ្រាវបន្ទាន់ក្រោយកើតហេតុ ដោយបានបទបញ្ជារពីថ្នាក់ដឹកនាំ លោកឧត្តមសេនីយ៍ទោ ជាវ វិបុល អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទ័ណ្ឌ បានដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម អធិការរដ្ឋាននគរបាលស្រុកកងមាស បើកការស្រាវជ្រាវ ករណីខាងលើ រហូតដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១១និង០០នាទីព្រឹក កម្លាំងបានធ្វើការឃាត់ខ្លួនជនដៃដល់ នៅចំណុចភូមិគគរ ឃុំគគរ ស្រុកកងមាស ខេត្តកំពង់ចាម ។

គួររំលឹកថា ជនសង្ស័យឈ្មោះ ថេង សុធី ហៅថ្លាង អាយុ៣១ឆ្នាំ រស់នៅភូមិថ្ពង ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ បានយកដំបងវាយ ជនរងគ្រោះឈ្មោះ ថេង សុថុន ហៅពូជ បណ្តាលឲ្យស្លាប់ នៅចំណុចបន្ទាយអាមេរិក ភូមិថ្ពង ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។

ព្រោះជនរងគ្រោះតែងតែរករឿងជាមួយម្តាយ បងប្អូន លួចរបស់ក្នុងផ្ទះលក់គ្មានសល់ វាយបំផ្លាញទ្រព្យសម្បត្តិក្នុងផ្ទះ ជាហេតុធ្វើឲ្យជនសង្ស័យជាបងបង្កើត ដាច់ចិត្តយកដំបងឈើប្រវែងប្រហែលកន្លះម៉ែត្រ វាយបណ្តាលស្លាប់តែម្តង រួចគេចខ្លួនបាត់ មកស្នាក់នៅផ្ទះម្តាយមីង ភូមិគគរ ឃុំគគរ ស្រុកកងមាស ខេត្តកំពង់ចាម។ចំពោះករណីនេះភ្លាមៗ សមត្ថកិច្ចមូលដ្ឋានបានចុះទៅកន្លែងកើតហេតុ ជួបជាមួយម្តាយជនសង្ស័យ ប៉ុន្តែម្តាយជនសង្ស័យ មិនបានដាក់ពាក្យបណ្តឹងទៅលើជនសង្ស័យនោះទេ ដោយលើកឡើងថា កូនគាត់ស្លាប់ម្នាក់គាត់មិនចង់ឲ្យកូនគាត់ម្នាក់ ទៀតជាប់គុកនោះទេ។

បច្ចុប្បន្នជនសង្ស័យបាននាំខ្លួនមកសាកសួរបន្ថែមនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃទើបប្រគល់ឱ្យម្ចាស់ករណី ស្នងការនគរបាលខេត្តក្រចេះ ចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់