ព័ត៌មានជាតិ

លោកមេប៉ុស្តិ៍ម្នាក់ ត្រូវជនសង្ស័យកាប់រងរបួស ក្នុងករណីចុះបង្រ្កាបហិង្សាបម្រុងដុតផ្ទះខ្លួនឯង នៅខេត្តមណ្ឌលគិរី

មណ្ឌលគិរីៈ កាលពីរសៀលថ្ងៃទី២ ខែតុលា ឆ្នាំ២០២០ មានករណីកាប់គ្នា ស្ថិតត្រង់ចំណុចផ្ទះជនសង្ស័យ ភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ជនសង្ស័យឈ្មោះ សំ ចំរើនផល អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានស្រុកកំណើត នៅភូមិកំពង់ក្របី ឃុំស្វាយប៉ោ ស្រុកបាត់ដំបង ខេត្តបាត់ដំបង ទីលំនៅបច្ចុប្បន្ន ភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

ដំណើររឿង៖ មុនពេលកើតហេតុមានពលរដ្ឋម្នាក់ រាយការណ៍ជូនសមត្ថកិច្ចថា មានករណីហិង្សាបម្រុងដុតផ្ទះខ្លួនឯង គ្រាន់តែទទួលបានព័ត៌មាននេះភ្លាម លោកមេប៉ុស្តិ៍ដឹកនាំកម្លាំង ចុះដល់ទីតាំងឃើញជនសង្ស័យ ចាក់សាំងចោលហើយបម្រុងរត់គេចខ្លួន ពេលកម្លាំងប៉ុស្តិ៍សួរនាំ ស្រាប់តែដកកន្ត្រៃចេញពីហ៊ោប៉ៅ ជ្រុះសារធាតុញៀនមួយកញ្ចប់ រួចរត់ទៅដល់ផ្ទះអ្នកជិតខាង ទាញកាំបិតផ្គាក់ដេញកាប់សមត្ថកិច្ច បណ្ដាលឲ្យលោកមេប៉ុស្តិ៍រងរបួស រីឯជនសង្ស័យបែកក្បាល។

មូលហេតុ៖ សង្ស័យប្រើសារធាតុញៀនលើសកម្រិត។

ដកហូតវត្ថុតាង៖
-សារធាតុសង្ស័យថា ជាសារធាតុញៀន មានសណ្ឋានជាក្រាមពណ៌សថ្លា ចំនួន១កញ្ចប់តូច។
-កាំបិតផ្គាក់ចំនួន១។
-ទូរស័ព្ទដៃ ចំនួន២គ្រឿង (អិនចុចពិល)។

ក្រោយកើតហេតុជនសង្ស័យត្រូវ សមត្ថកិច្ចឃាត់បាន និងកំពុងឃុំខ្លួននៅប៉ុស្តិ៍រដ្ឋបាល ឃុំស្រែខ្ទុម ដើម្បីកសាងសំណុំរឿង បន្តតាមនីតិវិធី៕

មតិយោបល់