ភ្នំពេញៈ នៅវេលាម៉ោងប្រមាណ៧និង០០នាទីយប់ថ្ងៃសៅរ៍ ទី៣ ខែតុលា ឆ្នាំ២០២០ មានករណីអំពើឃាតកម្មក្នុងគ្រួសារ ផ្តើមចេញពីភ្លើងប្រច័ណ្ឌ បណ្តាលឲ្យប្តីយកកាំភ្លើងបាញ់ប្រពន្ធរបស់ខ្លួន ស្លាប់ក្នុងថ្លុកឈាមមួយរំពេច រួចប្តីបាញ់សម្លាញ់ខ្លួនឯងតាមក្រោយ បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង នៅត្រង់ចំណុចខាងក្រោយ ធនាគារអិនហ្សិតរ៉ូយ៉ាល់ តាមបណ្តោយផ្លូវ៥៣BT ក្នុងក្រុម៣ ភូមិក្បាលទំនប់ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
ករណីអំពើឃាតកម្មខាងលើនេះ ជនបង្ក(ប្តី)ឈ្មោះ អ៊ុក ម៉ារ៉ាឌី អាយុ៣៩ឆ្នាំ មានតួនាទីជាអនុប្រធានការិយាល័យ នាយកដ្ឋានអង្គរក្ស បានប្រើប្រាស់កាំភ្លើងម៉ាក K59 បាញ់ទៅលើប្រពន្ធរបស់ខ្លួន ដែលជាជនរងគ្រោះឈ្មោះ កែវ ស្រីដា អាយុ៥៣ឆ្នាំ ស្នាក់នៅផ្ទះជួល ជាន់ទី១ជាមួយគ្នា ផ្លូវ៥៣BT ភូមិក្បាលទំនប់ សង្កាត់បឹងទំពន់ទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ គ្រួសារមួយនេះតែងតែមានការឈ្លោះប្រកែកគ្នា ស្ទើររាល់ថ្ងៃ ដោយសារប្រពន្ធប្រចណ្ឌប្តី ហើយប្តីបានបាញ់សម្លាប់ប្រពន្ធចំនួន២គ្រាប់ រួចក៏បាញ់សម្លាប់ខ្លួនឯង ចំនួនមួយគ្រាប់ចំក្បាល បណ្តាលឲ្យស្លាប់តាមក្រោយ ។
ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចនៅមូលដ្ឋានបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើកោសល្យវិច័យសាកសពជនរងគ្រោះទាំងពីរនាក់(ប្តី-ប្រពន្ធ) ។ បន្ទាប់ពីធ្វើកោសល្យវិច័យរួច សមត្ថកិច្ចជំនាញបានបញ្ជាក់ថា៖ ករណីអំពើឃាតកម្មក្នុងគ្រួសារខាងលើនេះ ផ្តើមចេញពីភ្លើងប្រច័ណ្ឌ បណ្តាលឲ្យប្ដីបាញ់សម្លាប់ប្រពន្ធរបស់ខ្លួន ហើយប្ដីបានបាញ់សម្លាប់ខ្លួនឯង តាមក្រោយពិតប្រាកដមែន ។ សាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនសាច់ញាតិ យកធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់