ព័ត៌មានជាតិ

បុរសម្នាក់រងរបួសធ្ងន់ ក្រោយដើរស្រែកហៅរកប្រពន្ធ ត្រូវជនបង្កឮស្មានតែស្រែកឌឺដាក់ខ្លួន កំពុងផឹកស្រាទាញកាំបិតកាប់រួចរត់គេចបាត់

បន្ទាយមានជ័យ: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា បុរសម្នាក់ដើរស្រែកហៅរកប្រពន្ធ តែត្រូវជនបង្កស្មានតែស្រែកឌឺដាក់ខ្លួន ក៏ទាញកាំបិតកាប់ត្រូវចំនួន ០២កាំបិតបណ្តាលឲ្យរងរបួសធ្ងន់ រួចបិទសាប៊ូរត់គេចខ្លួនដោយសុវត្ថិភាព ។ ហេតុការណ៍នៃអំពើហិង្សានេះបានកើតឡើងនៅវេលាម៉ោង ០៦និង០៥នាទីយប់​ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ នៅក្នុងភូមិអូរប្រាសាទ ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ។

ប្រភពព័ត៌មានពីនគរបាលមូលដ្ឋាន បានឲ្យដឹងថា៖ ជនដៃដល់ឈ្មោះ ហុង ហួច ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិអូរប្រាសាទ ឃុំអូរប្រាសាទ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ចំណែកជនរងគ្រោះឈ្មោះ ទូច ផង់ ភេទប្រុស អាយុ ២៥ឆ្នាំ នៅភូមិជាមួយគ្នា ។

ប្រភពដដែលបានបញ្ជាក់ថា៖ តាមការឲ្យដឹងពីជនរងគ្រោះ នៅមុនពេលកើតហេតុ ខ្លួនបានដើរស្រែកហៅរកប្រពន្ធពីចម្ងាយ ជនបង្កឈ្មោះ ហុង ហួច កំពុងតែផឹកស្រាស្មានតែស្រែផ្តឺដាក់ខ្លួនក៏ទាញកាំបិត ហាន់ដើមចេកប្រវែងកន្លះម៉ែត្រ កាប់សំដៅមកលើខ្លួនត្រូវចំក្បាលលើសៀតថ្កាខាងឆ្វេង០១កាំបិតនិងស្មា០១កាំបិតរងរបួសធ្ងន់ ត្រូវបានសាច់ញាតិដឹកបញ្ជូនមកព្យាបាលនៅមន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរី ។

នគរបាលមូលដ្ឋានបានបញ្ជាក់ថា៖ ក្រោយពីធ្វើសកម្មភាពរួច ជនដៃដល់បានរត់គេចខ្លួន នៅពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវ ចាប់ជនដៃដល់ដើម្បីយកមកចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់