ព័ត៌មានជាតិ

រថយន្តមន្រ្តីនគរបាល បើកបរបុកម៉ូតូ zoomerx ពេញទំហឹង បណ្តាលឲ្យមនុស្សប្រុស-ស្រីចំនួន៣នាក់ រងរបួសធ្ងន់

ភ្នំពេញ: កាលពីវេលាម៉ោង១០និង០០នាទីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រថយន្តកាមរីឆ្លាមមួយគ្រឿង បើកបរបុកម៉ូតូម៉ាក zoomer x បណ្ដាលឲ្យមនុស្សប្រុស-ស្រីចំនួន៣នាក់ រងរបួសធ្ងន់ នៅត្រង់ចំណុចក្រោមស្ពានអាកាសផ្សារដីហុយ តាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី កែងនឹងផ្លូវណតប្រីត ក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

ដំណើររឿង៖ នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់បើកបររថយន្តកាមរីឆ្លាមមួយគ្រឿង ពណ៌ខ្មៅ ពាក់ផ្លាកលេខនគរបាល 2-1970 និងមានបិទឡូហ្គោល នគរបាលព្រហ្មទណ្ឌ បានធ្វើដំណើរតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី ដែលមានទិសដៅពីលិចទៅកើត ។ លុះបើកបរមកដល់ចំណុចកើតហេតុ ស្រាប់តែបុកម៉ូតូមួយគ្រឿងម៉ាក zoomer x ពណ៌ស លាយទឹកក្រូច ពាក់ផ្លាកលេខកំពង់ចាម 1R-9995 ជិះដោយបុរសម្នាក់និងមានអ្នករួមដំណើរជាមួយ២នាក់ ពេញទំហឹងបណ្ដាលឲ្យអូសជាច្រើនម៉ែត្រនិងកិនជាប់នៅក្រោមកង់រថយន្ត រងរបួសធ្ងន់ទាំង៣នាក់។ ជនរងគ្រោះត្រូវបានរថយន្តសង្គ្រោះបន្ទាន់ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ ដើម្បីជួយសង្រ្គោះ រីឯម្ចាស់រថយន្ត ត្រូវសមត្ថកិច្ចប្រចាំការនៅគោលដៅ ឃាត់ខ្លួនបានភ្លាមៗ ប្រគល់ឲ្យសមត្ថកិច្ចជំនាញ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចុះធ្វើការវាស់វែង យកវត្ថុតាងទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នា នៅពេលក្រោយតាមនីតិវិធីផ្លូវច្បាប់៕

មតិយោបល់