ភ្នំពេញៈ កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង២១និង០០នាទី មានករណីកើតអំពើហិង្សាកូនវ៉ៃឪពុកបង្កើតរបស់ខ្លួន បណ្តាលឲ្យសន្លប់និងបែកក្បាលដេរ៣ថ្នេរ នៅត្រង់ចំណុចក្នុងផ្ទះគ្មានលេខ ស្ថិតនៅភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ជនសង្ស័យ៖ ឈ្មោះ បណ្តុះ សូលីដា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះគ្មានលេខ ស្ថិតនៅភូមិ-សង្កាត់កើតហេតុ ។
វត្ថុតាងចាប់យក៖ ១.កង្ហារ ពណ៌ប្រផេះ(បាក់ជាពីរ) ចំនួន០១គ្រឿង។
ហេតុការណ៍៖ កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង២១ និង០០នាទី ជនរងគ្រោះឈ្មោះ សូម៉េត បណ្តុះ ភេទប្រុស អាយុ៥៦ឆ្នាំ (ត្រូវជាឪពុកបង្កើតរបស់ជនសង្ស័យឈ្មោះ បណ្តុះ សូលីដា ភេទប្រុស អាយុ៣១ឆ្នាំ) កំពុងសម្រាកនៅក្នុងផ្ទះ ស្ថិតនៅភូមិអន្លង់ថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ពេលនោះជនសង្ស័យឈ្មោះ បណ្តុះ សូលីដា បានផឹកស្រាស្រវឹង ជេរប្រមាថមើលងាយឈ្មោះ ហោ យ៉េម ភេទស្រី អាយុ៤៣ឆ្នាំ(ត្រូវជាស្រីស្នេហ៍របស់ជនសង្ស័យ) ហើយជនរងគ្រោះ(ឪពុកបង្កើតរបស់ជនសង្ស័យ) បានហាមឃាត់ជនសង្ស័យ កុំឲ្យឈ្លោះប្រកែកគ្នា តែជនសង្ស័យមិនស្តាប់ ហើយថែមទាំងជេរជនរងគ្រោះថា អាចុយម្រាយឯងមកវ៉ៃអាញ់មក។ បន្ទាប់មកជនរងគ្រោះបានស្ទុះទៅទះកំភ្លៀងជនសង្ស័យខាងស្តាំចំនួនមួយដៃ ហើយជនសង្ស័យខឹងក៏បាន រុញច្រានជនរងគ្រោះអិប និងជញ្ជាំង រួចទាញកង្ហារវ៉ៃទៅលើជនរងគ្រោះពីក្រោយមួយកង្ហារ បណ្តាលឲ្យកង្ហារបាក់ជាពីរកំណាត់។ ពេលឃើញដូចនេះឈ្មោះ ឡេង ណារ៉ុង ភេទស្រី អាយុ៤៩ឆ្នាំ (ត្រូវជាប្រពន្ឋរបស់ជនរងគ្រោះ និងជាម្តាយបង្កើតរបស់ជនសង្ស័យ) បានចូលទៅឃាត់ ហើយចាប់ទាញជនរងគ្រោះចេញក្រៅផ្ទះ ហើយជនសង្ស័យបានជេរជនរងគ្រោះថា អាញ់សម្លាប់អាចុយម្រាយឯងឲ្យងាប់ រួចជនសង្ស័យបានស្ទុះដាល់ជនរងគ្រោះមួយដៃចំកណ្តាលមុខដួលផ្ងារទៅក្រោយលើឥដ្ឋការ៉ូបណ្តាលឲ្យ បែកក្បាលរងគ្រោះសន្លប់បានបាត់ស្មារតី យកទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកដង្កោ ដេរចំនួន០៣ថ្នេរ។ ហើយឈ្មោះឡេង ណារ៉ុង បានមករាយការណ៍ និងដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស រួចសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលព្រៃស បានចុះទៅដល់កន្លែងកើតហេតុ ឃាត់ខ្លួនជនសង្ស័យខាងលើ រួមនិងវត្ថុតាង យកមកធ្វើការសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស តាមនីតិវិធីច្បាប់តែម្តង៕
មតិយោបល់