ព័ត៌មានជាតិ

ម៉ូតូវ៉ាជែងមិនប្រយ័ត្ន បណ្តាលឲ្យដួល ត្រូវរថយន្តកិនស្លាប់បុរសម្នាក់ នៅផ្លូវជាតិលេខ២

កណ្ដាល: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃអាទិត្យ ២រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៦និង២០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករវាង រថយន្តនិងម៉ូតូ បណ្តាលឲ្យស្លាប់មនុស្សម្នាក់ នៅលើផ្លូវជាតិលេខ២ ចន្លោះគីឡូម៉ែត្រលេខ ២៤–២៥ ត្រង់ចំណុចភូមិជ័យជម្នះ ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។

មុនពេលកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាក HONDA WAVE C110 ពណ៌ខ្មៅ ពាក់ផ្លាកលេខ តាកែវ 1v-2733 បើកបរដោយឈ្មោះ ង៉ែត សេងហៀង ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅ ភូមិព្រៃមូល ឃុំចំប៉ី ស្រុកបាទី ខេត្តតាកែវ (ស្លាប់នៅកន្លែងកើតហេតុ) បើកបរមានទិសដៅពីត្បូង មកជើង (តាកែវ–ភ្នំពេញ) ពេលបើកបរមកដល់កន្លែងកើតហេតុខាងលើ បានជែងរថយន្តមួយគ្រឿងម៉ាក NISSAN ប្រភេទបែន ពណ៌ស ពាក់ផ្លាកលេខចង្កូតស្តាំ PP-0275 បើកបរដោយឈ្មោះ ឃិន វន ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅ ភូមិដំណាក់សង្កែ សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ (ឃាត់ខ្លួន) ដែលនៅពីមុខម៉ូតូរបស់ខ្លួន ពេលវ៉ាបានពាក់កណ្តាលរថយន្ត បានដួលម៉ូតូ ហើយអ្នកបើកម៉ូតូចូលកង់ក្រោយរបស់រថយន្តផ្នែកខាងឆ្វេង បណ្តាលឲ្យកិនស្លាប់នៅកន្លែងហេតុ ។

ចំពោះមធ្យោបាយពាក់ព័ន្ធបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីក៏សាងសំណុំតាមនីតិវិធី ។ បច្ចុប្បន្ន​ សាកសពសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់