ព័ត៌មានជាតិ

ម្ចាស់ទុកម៉ូតូភ្លេចដកសោរចោរលួចបណ្តើរបាន ៥ម៉ែត្រ ក្រឡេកឃើញទាន់ស្រែកឆោឡោឃាត់ខ្លួនបាន

ភ្នំពេញ: ម្ចាស់ទុកម៉ូតូភ្លេចដកសោចោរលួចបណ្តើរបាន ៥ម៉ែត្រ ក្រឡេកឃើញទាន់ស្រែកឆោឡោផ្អើលប្រជាពលរដ្ឋឃាត់ខ្លួនបានម្នាក់។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៨និង៤០នាទីព្រឹក ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២០ ត្រង់ចំណុចក្រុម៣ភូមិទួលសង្កែ១ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ពេជ្រ ប៊ុនថា ភេទប្រុស អាយុ ៣៥ឆ្នាំ ស្នាក់នៅក្រុងតាខ្មៅ ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ជួន ភារម្យ ភេទប្រុស អាយុ ២៦ឆ្នាំ ស្នាក់នៅផ្ទះលេខ២២៨E ក្រុម១ ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ជាម្ចាស់ម៉ូតូម៉ាក Zoomer x ពណ៌ស ស៊េរីឆ្នាំ២០១៨ ពាក់ផ្លាកលេខ ភ្នំពេញ 1HD-3699។

តាមប្រភពព័ត៌មានពីជនរងគ្រោះឲ្យដឹងថា នៅមុនពេលកើតហេតុខ្លួន បានជិះម៉ូតូចេញពីផ្ទះទៅបើកហាងកាត់សក់ នៅមុខវត្តទួលសង្កែ ពេលដែលជិះម៉ូតូដល់ហាងកាត់សក់ខ្លួន រួចចុះពីម៉ូតូមិនបានដកកូនសោចេញពីម៉ូតូខ្លួនក៏បានយកកែវទៅលាងក្នុងបន្ទប់ទឹក ដើម្បីដាក់សែនជំនាងហាង។ ខណ:ពេលខ្ញុំចេញពីបន្ទប់ទឹកឃើញជនសង្ស័យម្នាក់ បណ្តើរម៉ូតូរបស់ខ្លួនចេញបានប្រមាណជា ៥ម៉ែត្រ ក៏ស្រែកថា ចោរៗផ្អើលដល់ប្រជាពលរដ្ឋនៅទីនោះ បន្ទាប់មកអ្នករត់ម៉ូតូឌុបជួយដេញចាប់ស្របពេលនោះ សមត្ថកិច្ចបានដឹងជួយអន្តរាគមន៍ទាន់ពេល។

ជនសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួនមកកាន់ប៉ុស្តិ៍ទួលសង្កែទី១ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ចំណែកម៉ូតូប្រគល់ឲ្យម្ចាស់វិញ៕

មតិយោបល់