ព័ត៌មានជាតិ

Update៖ នារីខ្មែរឥស្លាមម្នាក់ បើករថយន្តស៊េរីទំនើប បុកនិងកិនម៉ូតូពេញទំហឹង បណ្តាលឲ្យបុរសម្នាក់ស្លាប់

ភ្នំពេញៈ នារីម្នាក់បើករថយន្តស៊េរីទំនើប ម៉ាក អូរឌីQ7 មួយគ្រឿង បានជ្រុលទៅបុកម៉ូតូហុងដាឌ្រីម០១៩ មួយគ្រឿងក្នុងទិសដៅបញ្ច្រាសទិសគ្នា បណ្ដាលឲ្យបុរសម្នាក់ស្លាប់ភ្លាមៗ នៅនឹងកន្លែង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ កាលវេលាម៉ោងប្រមាណ៨យប់ ថ្ងៃព្រហស្បតិ៍ ទី៨ ខែតុលា ឆ្នាំ២០២០ នៅចំណុចក្នុងបុរី រ៉ូយ៉ាល់មេគង្គ ក្បែរផ្លូវជាតិលេខ៦អា សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។

រថយន្តបង្កម៉ាកអូរឌីQ7 ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ 2AQ-0805 បើកបរដោយនារីម្នាក់ឈ្មោះ ហ្វា ណូតអីម៉ា អាយុ២០ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរលក់ដូរ មានទីលំនៅផ្ទះលេខ86 ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ ។ រីឯម៉ូតូរងគ្រោះម៉ាក ហុងដាឌ្រីម C125 ស៊េរីឆ្នាំ២០១៩ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រៃវែង1P.1443 ជិះដោយបុរសម្នាក់ ឈ្មោះ ខន សុភួន អាយុ២៤ឆ្នាំ មានទីលំនៅផ្ទះ៩៨ ផ្លូវលំ ភូមិបឹងក្អែក ឃុំពាមមានជ័យ ស្រុកពាមរក៍ ខេត្តព្រៃវែង (ត្រូវបានស្លាប់នៅកន្លែងកើតហេតុ) ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ ដែលនៅក្បែរកន្លែងកើត ហេតុបានឲ្យដឹងថា ដំបូងគេឃើញភាគីខាងម៉ូតូធ្វើដំណើរ តាមផ្លូវបេតុងក្នុងបុរី រ៉ូយ៉ាល់មេគង្គ ទិសដៅពីលិចទៅកើត ខណៈពេលនោះក៏មានភាគីរថយន្តបង្កខាងលើធ្វើដំណើរ ទិសដៅបញ្ច្រាសគ្នា ក្នុងល្បឿនលឿន បានបុកម៉ូតូរងគ្រោះពេញទំហឹង និងកិនម៉ូតូអូសប្រហែល១០ម៉ែត្រ រងការខូចខាត យ៉ាងដំណំ និងធ្វើឲ្យបុរសម្នាក់ម្ចាស់ម៉ូតូស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុផងដែរ ។

ក្រោយមក បងប្អូនប្រជាពលរដ្ឋបានឃាត់នារីម្នាក់ ដែលជាតៃកុងប្រគល់ឲ្យសមត្ថកិច្ចមូលដ្ឋាន រួចសមត្ថកិច្ចក៏បានទាក់ទងទៅជំនាញចរាចរណ៍ឲ្យមកធ្វើការវាស់វែង និងស្ទួចយករថយន្តបង្កនិងម៉ូតូ ទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំដោស្រាយតាមក្រោយ។ រីឯសពជនរងគ្រោះ សមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី នៅឯស្រុកកំណើត ៕

មតិយោបល់