ព័ត៌មានជាតិ

ជនជាតិវៀតណាមម្នាក់ ត្រូវបាននគរបាលចាប់ខ្លួន ករណីគំរាមកំហែង ថានឹងសម្លាប់តាមវីដេអូឃ្លីប

កណ្ដាលៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នគរបាលស្រុកកោះធំ ចាប់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមម្នាក់ ករណីគំរាមកំហែងថានឹងសម្លាប់ ទៅលើជនជាតិឥណ្ឌូនេស៊ីម្នាក់ តាមរយៈវីដេអូឃ្លីប ព្រោះខឹងនឹងជន រងគ្រោះ មានទំនាក់ទំនងស្នេហាជាមួយនឹងសង្សារខ្លួន។ ករណីចាប់ខ្លួននេះ ធ្វើឡើងនៅវេលាម៉ោង១១នឹង១០នាទី ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ ដែលករណីនេះបានកើតឡើង កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង២២នឹង២៨នាទី ស្ថិតភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។

មន្ត្រីនគរបាលស្រុកកោះធំបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ង្វៀង យ៉ាំងឡឺយ ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល មុខរបរ បើកបរម៉ូតូកង់បី។ ចំណែកជនរងគ្រោះ ឈ្មោះ វ៉ើ រី FERRY ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី ស្នាក់នៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល មុខរបរបុគ្គលិកក្រុមហ៊ុនកាស៊ីណូក្រោន(ផ្នែកអនឡាញ)។

ប្រភពដដែលបន្តថាកន្លងមកជនសង្ស័យ បានស្រលាញ់នារីម្នាក់ឈ្មោះ គីម ង៉ុក ភេទស្រី អាយុ ២៩ឆ្នាំ ជនជាតិវៀតណាម មានទីលំនៅប្រទេសវៀតណាម។ ក្រោយមកក៏បានដឹងដំណឹងថាឈ្មោះ គីមង៉ុក ត្រូវជាសង្សារបស់ខ្លួន បានមានទំនាក់ទំងស្នេហាជាមួយឈ្មោះ វ៉ើ រី FERRY ជាជនជាតិ ឥណ្ឌូនេស៊ី នៅពេលនោះជនសង្ស័យក៏កើតមានចិត្តខឹងពេលនោះខ្លួនបានថតជាឃ្លីបវីដេអូក្នុងទូរស័ព្ទដៃរបស់ខ្លួនដោយដៃមានកាន់ដាវហើយបាននិយាយជាភាសាខ្មែរ និងជាភាសាវៀតណាមគំរាមសម្លាប់ទៅលើជនរងគ្រោះរួចជនសង្ស័យក៏បានផ្ញើរឃ្លីបវីដេអូនោះទៅអោយជនរងគ្រោះតាមឆាត ក្រោយពីឃើញរូបភាពក្នុងវីដេអូនោះ ជនរងគ្រោះនៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ក៏បានមករាយការណ៍ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសំពៅពូន អោយជួយស្វែងរកមុខសញ្ញានេះផង។

ក្រោយពីទទួលបានព័ត៌មាននេះកម្លាំងប៉ុស្តិ៍នបានស្រាវជ្រាវតាមដានរក ហើយក៏បានឃាត់ខ្លួនជនសង្ស័យបាននៅថ្ងៃទី៨ ខែតុលា ឆ្នាំ ២០២០ វេលាម៉ោង១១នឹង០០នាទី រួចក៏បានឃាត់ខ្លួនជនសង្ស័យខាងលើបាន។ ជនសង្ស័យ ត្រូវបានបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

មតិយោបល់