ព័ត៌មានជាតិ

យុវជន ២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីគាស់ផ្ទះពលរដ្ឋ ១៥ដង នៅក្រុងតាខ្មៅ

កណ្ដាលៈ ក្រោមការបញ្ជាដឹកនាំផ្ទាល់ពីលោក អធិការនគរបាលក្រុងតាខ្មៅកម្លាំងប៉ុស្តិ៍រការខ្ពស់ សហការជាមួយកម្លាំងផ្នែកព្រហ្មទណ្ឌ បានបង្ក្រាបក្រុមលួចគាស់ផ្ទះយ៉ាងសកម្មមួយក្រុមទៀតប្រចាំក្រុងតាខ្មៅករណីអំពើលួច (គាស់ផ្ទះ) កើតហេតុថ្ងៃទី៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ១១និង៣០នាទី នៅចំណុចភូមិទទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ ជន់ ភារម្យ ភេទប្រុស អាយុ ២៨ឆ្នាំ មានទីលំនៅភូមិសង្កាត់កើតហេតុ មុខរបរនៅផ្ទះ។
ជនសង្ស័យ០២នាក់៖
១-ឈ្មោះ ម៉ិញ លីហ៊ួរ ភេទប្រុស ជនជាតិខ្មែរ អាយុ ១៧ឆ្នាំ ទីលំនៅភូមិសង្កាត់កើតហេតុ,មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)។
២-ឈ្មោះ សាវុធ សុខជា ភេទប្រុស ជនជាតិខ្មែរ អាយុ ២៧ឆ្នាំ ទីលំនៅភូមិសង្កាត់កើតហេតុ,មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួន)។

សម្ភារៈបាត់បង់៖
១-ម៉ូទ័រស្វាន១គ្រឿង។
២-ប៉ុស្តិ៍ផ្សារ១គ្រឿង។
៣-ម៉ូទ័រកាត់ដែក១គ្រឿង។
៤-ម៉ូទ័រជ្រៀកឈើ១គ្រឿង។
៥-ខ្សែភ្លើង១ដុំ។
៦-ចង្រ្កានហ្គាស១គ្រឿង។
៧-ប្រហុកត្រីរាល ចំនួនមួយធុងប៉េត្រូ។
៨-ស្ករពាង ចំនួនមួយធុងប៉េត្រូ។
៩-ខោអាវ ចំនួន ៣ កំប្លេ។
១០-ផ្អកត្រីប្រា ចំនួន ១ ធុងប៉េត្រូ។
១១-ដែកកាយ៉េ ចំនួន មួយដុំ។
១២-ដែក១២លី ចំនួន១៥ដើម។
១៣-កន្ទុយសណ្តោងរ៉ឺម៉ក ចំនួនមួយគ្រឿង។

វត្ថុតាងចាប់យក៖ គ្មាន ។

សភាពនៃរឿងហេតុ៖ មុនពេលកើតហេតុជនរងគ្រោះបានចាក់សោផ្ទះទុកចោល ហើយចេញទៅប្រកបមុខរបរដូចធម្មតាបាត់ទៅ។
លុះត្រឡប់មកផ្ទះវិញក៏ឃើញទ្វារផ្ទះចំហរ ហើយបាត់សម្ភារៈអស់ពីផ្ទះដូចមានរៀបរាប់ខាងលើ ក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរការខ្ពស់ ដើម្បីធ្វើការស៊ើបអង្កេតស្រាវជ្រាវ ។ ក្រោយទទួលបានពាក្យបណ្តឹងភ្លាម ប៉ុស្តិ៍នគរបាលរការខ្ពស់ បានរាយការណ៍មកលោកអធិការនគរបាលក្រុងតាខ្មៅ បានបញ្ជាកម្លាំងប៉ុស្តិ៍បានសហការណិ៍ជាមួយផ្នែកយុត្តិធម៌ ចុះដល់កន្លែងកើតហេតុ ដើម្បីធ្វើការស្រាវជ្រាវ កំណត់មុខសញ្ញារួចហើយឃាត់ខ្លួន បានជនសង្ស័យ ២នាក់ខាងលើ យកមកសាកសួរនៅប៉ុស្តិ៍ និង បញ្ជូនបន្តមកអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ចាត់ការតាមនីតិវិធីតែម្តង។

តាមចំលើយសារភាពរបស់ជនសង្ស័យទាំង២នាក់បានឆ្លើយថា៖ ពួកខ្លួនពិតជាបាននាំគ្នាធ្វើសកម្មភាពគាស់ផ្ទះរបស់ជនរងគ្រោះ ហើយលួចយកសម្ភារៈបាត់បង់ខាងលើ ប្រាកដមែន ។
ដោយសម្ភារៈដែលលួចបាននោះពួកខ្លួនបានយកទៅលក់នៅតាម ផ្ទះប្រជាពលរដ្ឋក្នុងនោះ ម៉ូទ័រលក់បានក្នុង១គ្រឿង២០ដុល្លារ , ដែកកាយ៉េបាន១ម៉ឺន៥ពាន់រៀល , ខ្សែភ្លើងលក់បាន១០ដុល្លារ, ចំណែកប្រហុកនិងផ្អក បានយកលក់នៅព្រែកហូរ បានក្នុង១ធុងតម្លៃដប់ម៉ឺនរៀល, រីឯកន្ទុយរឺម៉កបានយកទៅដាក់បញ្ចាំនៅផ្សារឃ្លាំងរំសេវបានលុយ៧០ដុល្លារ , ចំណែកខោអាវដែលលួចបាននោះគឺមិនបានយកលក់នោះទេ ទុកពាក់ជាប់ខ្លួន។ ហើយជនសង្ស័យបានឆ្លើយទៀតថា ពួកខ្លួនធ្លាប់បានធ្វើសកម្មភាពដើរលួចតាមផ្ទះប្រជាពលរដ្ឋបានប្រហែល១៥ដងមកហើយ។
បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋានដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

មតិយោបល់