ព័ត៌មានជាតិ

នារីរូបស្រស់ម្នាក់ សង្ស័យស្រវឹងស្រាខ្លាំង បើករថយន្តបុករះឡាន ២គ្រឿង និងម៉ូតូ ២គ្រឿង បណ្ដាលឲ្យសន្តិសុខយាមនៅមុខហាង រងរបួសធ្ងន់

ភ្នំពេញ: កាលពីយប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២០ នារីរូបស្រស់ម្នាក់សង្ស័យស្រវឹងស្រាខ្លាំង បានបើករថយន្តស៊េរីទំនើបម៉ាក PEUGEOT មួយគ្រឿងបុករះរថយន្ត ២គ្រឿង និងម៉ូតូ ២គ្រឿង របស់ភ្ញៀវចូលផឹកស៊ីចតស្ងៀម នៅមុខហាង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ ព្រមទាំងបង្កឲ្យបុរសម្នាក់ជាសន្តិសុខយាម នៅមុខហាងរងរបួសធ្ងន់ នៅចំណុចមុខហាង(ពិភព សាច់អាំង៤) តាមបណ្ដោយផ្លូវលេខ៥៦៦ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

ដំណើររឿង៖ មុនកើតហេតុគេឃើញនារីរូបស្រស់ម្នាក់បើករថយន្តស៊េរីទំនើបម៉ាកPEUGEOT មួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BE-9400 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៥៦៦ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតមកខាងស្ដាំដៃជ្រុលទៅបុករះ រថយន្តទី១ ម៉ាក Hillux Vigo ទី២ម៉ាកsuzuki និងបន្តទៅបុកម៉ូតូពីរគ្រឿងទៀតម៉ាក ហុងដាឌ្រីម១គ្រឿង និងម៉ាកហុងដាស្គូពី ដែលភ្ញៀវចតស្ថៀមនៅមុខហាងរងការខូចខាត ព្រមទាំងបណ្តាលឲ្យសន្តិសុខយាមហាងម្នាក់ដួលផ្ងារក្រោយរងរបួសធ្ងន់។

ភ្លាមៗនោះដែរ នារីរូបស្រស់ដែលជាម្ចាស់រថយន្តបង្ក បានហៅម៉ូតូកង់បីដឹកជនរងគ្រោះជាសន្តិសុខបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យដោយខ្លួនឯង។
សមត្ថកិច្ចជំនាញធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំធ្វើការដោះស្រាយគ្នាទៅតាមក្រោយ ៕

មតិយោបល់