ភ្នំពេញៈ សង្ស័យស្រវឹងស្រា បុរសម្នាក់បើករថយន្តម៉ាក SCION មួយគ្រឿង បុកម៉ូតូមួយគ្រឿង ម៉ាក ហុងដាសង់ប៊ិច ជិះដោយបុរសម្នាក់ ក្នុងទិសដៅបញ្ច្រាសគ្នាពេញទំហឹង បណ្ដាលឲ្យរងរបួសធ្ងន់ រួចព្យាយាមបើករត់គេចរាប់រយម៉ែត្រ ផ្អើលដល់ប្រជាពលរដ្ឋដេញចាប់បានប្រគល់ជូនសមត្ថកិច្ច កាលពីវេលាម៉ោង១២រំលងអធ្រាត្រ ឈានចូលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវ២០០៤ ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើករថយន្តម៉ាក SCION មួយគ្រឿង ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AN-4058 ធ្វើដំណើរទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ បានបុកម៉ូតូមួយគ្រឿង ម៉ាក ហុងដាសង់ប៊ិច ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 1CH-4082 ជិះដោយបុរសម្នាក់ ទិសដៅបញ្ច្រាសគ្នា ពីជើងទៅត្បូង បុកម៉ូតូពេញទំហឹង បណ្ដាលឲ្យដួលបោកនឹងថ្នល់រងរបួសធ្ងន់បុរសម្នាក់ ។ ភ្លាមនោះដែរ ម្ចាស់រថយន្តមិនបានឈប់នៅកន្លែងកើតហេតុនោះទេ ដោយព្យាយាមបើករថយន្តរត់គេចរាប់រយម៉ែត្រ ត្រូវប្រជាពលរដ្ឋឃើញហេតុការណ៍នេះ នាំគ្នាដេញចាប់បានរថយន្ត និងអ្នកបើកបរប្រគល់ជូនសមត្ថកិច្ចភ្លាមៗ រួចបញ្ជូនខ្លួនតៃកុងរថយន្ត តាមរថយន្តមួយគ្រឿងទៀត ទៅអធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ដើម្បីសួរនាំបន្ត និងទុកប្រគល់ជូនសមត្ថកិច្ចជំនាញ ។
ក្រោយពេលកើតហេតុ ជនរងគ្រោះត្រូវរថយន្តសង្គ្រោះបន្ទាន់ដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗផងដែរ ចំណែករថយន្តនិងម៉ូតូ ត្រូវសមត្ថកិច្ចធ្វើការវាស់វែងយកទៅរក្សាទុក នៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នាទៅតាមផ្លូវច្បាប់ ៕
មតិយោបល់